ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា បានបញ្ជាក់នូវ បំណងចង់ជំរុញឲ្យ ការប្រើប្រាស់ ប្រពន្ធ័ អ៊ិនធើណេត រហូតដល់ សាលារៀន នៅតាមវិទ្យាល័យ នាពេលខាងមុខនេះ ។ សម្តេចតេជោ បានបញ្ជាក់ដូចនេះ នៅក្នុងជំនួបជាមួយ លោក ប៊េណាត វ៉ូហ្គេល (Bernhard Vogel) ប្រធានកិត្តិយស អង្គការខន់រ៉ាដអាឌិនណៅអ៊ែរនា ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅ វិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់អ្នកកាសែត នៅក្រោយជំនួប នោះថា សម្តេចតេជោ បានថ្លែងអំណរគុណ ដល់អង្គការនេះ ដែលកន្លងមកបាន ជួយកម្ពុជា យើង ពិសេសលើបញ្ហា វិមជ្ឈការ និងសហវិមជ្ឈការ និងលើផ្សព្វផ្សាយ ព័ត៌មានជាដើម ។ សម្តេច តេជោ បញ្ជាក់ថា អង្គការមួយនេះ បានជួយបំរើដល់ ការអភិវឌ្ឍកម្ពុជាយើង យ៉ាងច្រើន។ ពាក់ពន្ធ័នឹងការផ្សព្វផ្សាយ ព័ត៌មាននេះ សម្តេចមានប្រសាសន៍ថា នៅកម្ពុជាការផ្សព្វផ្សាយ ព័ត៌មាន លក្ខណៈសេរី រួមទាំងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកផងដែរ ។
លោក ប៊ែណាត បានរំលឹកពីជំនួប រវាងលោកជាមួយនឹង សម្តេចតេជោ នៅភូមិគ្រឹះ តាខ្មៅនា ពេលកន្លងមក ។ លោកបានបញ្ជាក់ថា កាលជំនួបនោះ សម្តេចតេជោបានអនុញ្ញាតឲ្យ រូបលោក ចូលជួបពិភាក្សា ការងារនៅក្នុងផ្ទះ តែម្តងដែលនោះជាការ ឆ្លុះបញ្ចាំងនូវភាពបើកចំហរ របស់ សម្តេច ហើយនាពេលនេះ លោកបានចូលជួបសម្តេចជាថ្មីម្តងទៀត នៅក្នុងវិមានសន្តិភាពនេះ ដែលជាអគារនៃការឆ្លុះបញ្ចាំង ពីសក្ខីភាពនៃការ អភិវឌ្ឍរបស់កម្ពុជា និងជាវឌ្ឍនភាព របស់ កម្ពុជាផងដែរ ។
លោកក៏បានសំដែងនូវការ អបអរសាទរ និងគោរពជំរាបស្នើ សុំអនុសាសន៍ពី សម្តេចលើ បញ្ហា ការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់ ផ្សព្វផ្សាយប្រពន្ធ័ អ៊ីនធើណេត នៅកម្ពុជាផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល