CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ផ្តល់ថវិកាជូនសិស្ស និទ្ទេស A ម្នាក់ៗ ២លានរៀល Samsung Tablet មួយគ្រឿង

ភ្នំពេញ៖ បន្ថែមពីលើប្រសាសន៍សំណេះសំណេះលើកទឹកចិត្ត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានផ្តល់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង ១០៨នាក់ នូវថវិកាម្នាក់ៗ ២លានរៀល Samsung Tablet មួយ គ្រឿង បន្ថែមពីលើអាហារូបករណ៍ ដែលផ្តល់ជូនដោយសាកលវិទ្យាល័យនានា។ សម្តេចតេជោ ក៏បានផ្តល់នូវ  កាក់ប្រាក់មួយ និងសៀវភៅមួយក្បាលទុកជាអនុស្សាវរីយ៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកទឹកចិត្ត ព្រមទាំងជំរុញឲ្យសិស្សនិទ្ទេស A ទាំងអស់ខិតខំ សិក្សាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យបន្តបន្ទាប់ទៀត នៅថ្នាក់មហាវិទ្យាល័យ។ សម្តេចតេជោ បានហៅ  ជោគជ័យនេះ គឺជាខិតខំទាំងអស់គ្នា ទាំងសិស្សផ្ទាល់ រាជរដ្ឋាភិបាល និងលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ព្រម  ទាំងអាណាព្យាបាលផងដែរ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៨ និង៤៥នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន  បានអនុញ្ញាតឲ្យសិស្សនិទ្ទេស A ទាំង ១០៨នាក់ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

សិស្សនិទ្ទេស A ដែលឈរលំដាប់លេខ១ ទទួលបានពិន្ទុមធ្យមភាគពេញ ១០០ បានទៅលើយុវជន ម៉ាន កូតា  សិស្សវិទ្យាល័យបាក់ទូក លំដាប់លេខ២ បាន ទៅលើកញ្ញា សេង ហ្គិចលី សិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ  លំដាប់លេខ៣ បានទៅលើយុវជន ស៊ាន ពេជ្ររ៉ា មកពីវិទ្យាល័យពួក...។ ដោយឡែកសិស្សជាប់និទ្ទេស ដែល ឈរនៅលេខរៀងទី១០៨ មានឈ្មោះ ម៉ឹន ស៊ីណាត មកពីវិទ្យាល័យ ១០មករា។

ការជួបសំណេះសំណាល ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ ជាការលើកទឹកចិត្តដល់សិស្ស ឆ្នើម ដែលបានខិតខំសិក្សាទទួលបាននិទ្ទេសA ខណៈដែលក្រសួងអប់រំធ្វើការរឹតបន្តឹង ដើម្បីចំរាញ់យកគុណភាព ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ក៏មានសិស្សនិទ្ទេស A ចំនួន ១១នាក់ផងដែរ បានទទួល ការលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្រ្តី ដោយផ្ទាល់។

ការប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ មានបេក្ខជនប្រឡងជាប់ចំនួន ៤៦.៥៦០នាក់ ស្មើនឹង ៥៥,៨៨ភាគរយ ក្នុង ចំណោមបេក្ខជនជិត ៩ម៉ឺននាក់ ក្នុងនោះ អ្នកជាប់និទ្ទេសA ១០៨នាក់ និទ្ទេស B ១.០៨៥នាក់ ទិន្ទេស C  ៣.២៩២នាក់ និទ្ទេស D ៦.០៩៣នាក់ និទ្ទេស E ៣៥.៩៨២ នាក់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP