CamNews

ព័ត៌មានជាតិ 

ការប្រកាស តែងតាំង ប្រធាន CNRP នៅក្រុង ប៉ោយប៉ែត ត្រូវបានអុកឡុក, ចៅ វាសនា ថាមិន ស្គាល់ជនទាំងនោះ

ភ្នំពេញ ៖ ការប្រកាសតែងតាំង ប្រធានគណបក្ស សង្រ្គោះជាតិ ប្រចាំក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានអុកឡុក ដោយក្រុមមនុស្សមួយចំនួន ដែលអះអាងថា ខ្លួនជាសមាជិក គាំទ្រ គណបក្សសង្រ្គោះជាតិ ហើយពួកគេថាការតែងតាំងនេះ មានភាពអយុត្តិធម៌។

ក្រុមមនុស្សតវ៉ា ដែលគេសង្ស័យថា ដឹកនាំដោយលោក ចៅ វាសនា ប្រធានគណបក្សសមរង្ស៊ី ក្រុង ប៉ោយប៉ែត បានសម្តែងការមិនពេញចិត្ត ចំពោះលោក យឹម សុវណ្ណ ដែលតែងតាំង លោក មាស សារិទ្ធ ជាប្រធានគណបក្សសង្រ្គោះជាតិក្រុងប៉ោយប៉ែត ដោយស្នើឱ្យ លោក កែ សម្ផស្ស ប្រធានគណបក្ស សង្រ្គោះជាតិ ខេត្តបន្ទាយមានជ័យ ដកប្រធានថ្មីចេញពីតំណែង ប៉ុន្តែមន្រ្តីគណបក្សសង្រ្គោះជាតិនានា បានបដិសេធថា មិនស្គាល់ក្រុមអ្នកតវ៉ានោះទេ ។

លោក កែ សម្ផស្ស ប្រធានគណបក្សសង្រ្គោះជាតិខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅក្នុងការតែង តាំងប្រធានគណបក្សសង្រ្គោះជាតិ ប្រចាំក្រុងប៉ោយប៉ែតនេះ ពិតជាមានក្រុមអ្នកតវ៉ាមែន ក៏ប៉ុន្តែ លោកអះអាងថា ក្រុមអ្នកតវ៉ានោះ មិនមែនជាសកម្មជន ឬជាមន្រ្តីគណបក្សសង្រ្គោះជាតិនោះទេ ដោយមានជនឆ្មក់ឱកាសមួយចំនួន ក្លែងបន្លំ ។ លោក កែ សម្ផស្ស បានឱ្យដឹងថា «ក្នុងពេលប្រជុំ តែងតាំងប្រធានក្រុងប៉ោយប៉ែត របស់ខ្ញុំហ្នឹង មាន២ក្រុមដែលមក ហើយផ្នែកទី១ គាត់មកតវ៉ា ដែល គាត់មិនមែនជាថ្នាក់ដឹកនាំ មិនមែនជាសកម្មជន របស់គណបក្សសង្រ្គោះជាតិនោះទេ នេះគឺជាការ រៀបចំរបស់គណបក្សដទៃ ឬជនឆ្លៀត ឱកាសមួយក្រុម ដើម្បីវាយប្រហារគណបក្សសង្រ្គោះជាតិ នៅក្រុងប៉ោយប៉ែត»។

លោកបានបន្ថែមថា ក្រុមនេះ មានលើកបដា តវ៉ាមួយចំនួន ចំណែកឯមួយក្រុមទៀត គឺជាប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី មកចូលរួមរងចាំ ឱ្យគណបក្សសង្រ្គោះជាតិ ជួយដោះស្រាយ បញ្ហារបស់ពួកគេ ។

នៅក្នុងលិខិតរបស់ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ បានបង្គាប់ឱ្យតែងតាំង លោក មាន សារិទ្ធ ជាប្រធានគណបក្ស សង្រ្គោះជាតិ ហើយលោក គឹម ផេង និង លោក ម៉ង់ ពុទ្ធី ជាអនុប្រធាន រួមទាំងមានការតែងតាំង សមាជិកមួយចំនួនទៀត ។ ក្រៅពីសុំឱ្យដក លោក មាន សារិទ្ធ ក្រុមអ្នកតវ៉ាទាំងនោះ ក៏ស្នើឱ្យដកសមា ជិកគណបក្សសង្រ្គោះជាតិ មួយចំនួនទៀត ដូចជា អ្នកស្រី ឃុន ចាន់ទី រួមទាំងសកម្មជនមួយចំនួន ទៀត ។

លោក ចៅ វាសនា ប្រធានគណបក្សសមរង្ស៊ី ដែលជាចៅសង្កាត់រងទី២ នៅសង្កាត់ប៉ោយប៉ែត បាន បដិសេធថា លោកមិនបានដឹកនាំការតវ៉ានេះនោះទេ ដោយលើកឡើងថា ជារឿងយល់ច្រឡំ។ លោក ថា គ្មានមូលហេតុអ្វីមួយ ដែលនាំឱ្យលោក ចង់តវ៉ាទាមទារតំណែង ប្រធានគណបក្ស សង្រ្គោះជាតិ នៅក្រុងប៉ោយប៉ែតនោះទេ ដោយសារតែលោក គឺជាសមាជិកជាន់ខ្ពស់ ក្នុងខេត្តរបស់គណបក្សសមរង្ស៊ី ទៅហើយ ព្រមទាំងជាចៅសង្កាត់រងទី២ ថែមទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey