(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈសុខៗស្រាប់តែតារាចម្រៀងសិចស៊ី ប្រចាំផលិតកម្ម អ៊ឹម(M) កញ្ញា ជិន ស្រីនុត ដែលទើបប្តូរឈ្មោះមកជា អេមមី ដើម្បីយកហុងស៊ុយ បានបង្ហាញពីគោលជំហគាំទ្រ វិស័យកីឡាបាល់ទាត់ នៅកម្ពុជា។ ពិសេសនាងបានសាររភាពប្រាប់ឈ្មោះ កីឡាករបាល់ទាត់ ដែលនាងចូលចិត្ត និងគាំទ្រពួកគេខ្លាំងជាងគេទៀតផង ក្នុងនោះគឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ស៊ូ យ៉ាទី។
ទន្ទឹមនឹងការបង្ហាញគោលជំហ នៃការគាំទ្រ កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ស៊ូ យ៉ាទី និងវិស័យកីឡា បាល់ទាត់នៅកម្ពុជានេះដែរ តារាចម្រៀង អេមមី បានបញ្ជាក់ថា នាងនឹងបន្តលើកទឹកចិត្ត ក្រុមកីឡាករបាល់ទាត់ខ្មែរទាំងអស់ ឲ្យខិតខំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ឆ្ពោះទៅរកភាពជោគជ័យ នឹងល្បីល្បាញនៅលើឆាកអន្តរជាតិ។
នៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់តារាចម្រៀងស្រី កញ្ញា អេមមី បានសរសេរបង្ហាញ ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបភាពកីឡាករពីររូប គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃពីងពាង ស៊ូ យ៉ាទី ថា«My Idol ស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកា!»។
តាមការកត់សម្គាល់ រយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ វិស័យកីឡាបាល់ទាត់ នៅកម្ពុជា កាន់តែមានការរីកចម្រើន និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជន គ្រប់ស្រទាប់វណ្ណៈ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសិល្បករ-សិល្បការិនីខ្មែរជាច្រើនទៀត បាននាំគ្នាផុសផុល គាំទ្រដល់វិស័យកីឡារបាល់ទាត់ និងក្រុមកីឡាករខ្មែរ ខណៈរាល់ការប្រកួតលក្ខណៈអន្តរជាតិម្តងៗ តែងមានអ្នកចូលរួមទស្សនា រាប់ម៉ឺននាក់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង