ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានកងពលតូចពិសេសឆ័ត្រ យោង៩១១ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ បានធ្វើការបាញ់សាកល្បងកាំភ្លើងធំ១០៥មិល្លីម៉ែត្រ ចំនួន ១០១គ្រាប់ ប្រកបដោយជោគជ័យ។ ការបាញ់សាក ល្បងកាំភ្លើងធំ នាព្រឹកថ្ងៃនេះ គឺជាត្រៀមនូវលក្ខណៈបច្ចេកទេសទុកជាមុន ដើម្បីបាញ់នៅថ្ងៃដង្ហែព្រះបរមអដ្ឋិរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ខាងមុខដ៏ខ្លីនេះ។
នៅក្នុងពិធីបាញ់កាំភ្លើងធំខ្នាត ១០៥មិល្លីម៉ែត្រ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀត បាញ់ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីយោធាជាន់ខ្ពស់ នៃក្រសួងការពារ ជាតិ មន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងនាយទាហាន ពលទាហានជាច្រើននាក់ផ្សេងទៀត។
ការបាញ់សាកល្បងត្រូវ បានបិទបញ្ចប់នៅវេលាម៉ោងប្រមាណ ៨ និង១០នាទីព្រឹកថ្ងៃដដែល ហើយការបាញ់នេះ ទៀតសោត គឺត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស៕