CamNews

ព័ត៌មានជាតិ 

ប៉ងអារកសម្លាប់ ប្លន់យកម៉ូតូ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវប្រជាពលរដ្ឋ ចាប់វាយចង់ស្លាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលប៉ុនប៉ង អារកសម្លាប់ ដើម្បីប្លន់យក ម៉ូតូមួយគ្រឿង កាលពី វេលាម៉ោង ២៖៤០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុច មុខការដ្ឋាន សំណង់ផ្ទះល្វែង ភ្នំពេញថ្មី ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែ មិនបានសម្រេច ខណៈកម្លាំងនគរបាល ទៅជួយអន្តរាគមន៍ ទាន់ពេលវេលា ។

ជនសង្ស័យ ត្រូវបាន ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ នាំគ្នាឡោមព័ទ្ធ និងចាប់វាយ បណ្តាលឲ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ លើផ្ទៃមុខ និងដងខ្លួនទំរាំ សមត្ថកិច្ចអាចជួយសង្គ្រោះបានមកវិញ ដើម្បីយក ទៅព្យាបាលនៅមន្ទីរ ហើយយកទៅចាត់ការ តាមផ្លូវច្បាប់។

មន្រ្តីនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ សារ៉ា អាយុ១៨ឆ្នាំ មុខរបរ និង ទីលំនៅមិប្រាកដ ស្រុកកំណើត ខេត្តព្រះសីហនុ ហើយបានធ្វើ សកម្មភាព យកកាំបិតចិតបន្លែ ចាក់ជនរងគ្រោះ ជាអ្នករត់ម៉ូតូឈ្មោះ ប្រាក់ ហ៊ុត ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ កំពត 1G 9224។

មន្រ្តីនគរបាល សង្កាត់ស្ទឹងមានជ័យ បានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យ បានហៅម៉ូតូ របស់ជនរងគ្រោះ ពីម្តុំស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ លុះមកដល់ចំ ណុចខាងលើ ក៏ដកកូនកាំបិត ចាក់ជនរងគ្រោះ ពីក្រោយចំក ខាងស្តាំ ពេលនោះ ជនរងគ្រោះចាប់ កាំបិតជាប់ ហើយស្រែក អោយគេជួយ ហើយប្រជាពលរដ្ឋ នៅទីនោះ បាននាំគ្នាចាប់វាយ ជនសង្ស័យ បណ្តាលអោយរបួស ។

បើតាមមន្រ្តីនគរបាល ជនរងគ្រោះ ជាកីឡា ប្រដាល់ទៀតផង ហើយពេលទំនេរ មករត់ម៉ូតូឌុប ក៏ជួបហេតុការណ៍នេះ តែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច យកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ដោយឡែក ជនរងគ្រោះត្រូវបាន យកទៅ សង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP