ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និង ផ្ទេរមុខតំណែង អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ និងសាលាដំបូងតាមបណ្តារាជធា នី-ខេត្ត ៤៩រូប។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលចុះព្រះរាជហត្ថលេខានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា លោក ប្លង់ សំណាង ចៅក្រមសាលាឧទ្ធរណ៍ ត្រូវបានតែងតាំងជាងនុប្រធានសាលាឧទ្ធរណ៍ រីឯលោកស្រី គឹម ដានី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍។
ដោយឡែកមន្រ្តីតុលាការ ៤៧រូបផ្សេងទៀត ត្រូវបានតែងតាំង និងផ្ទេរមុខតំណែង ទៅបម្រើការនៅតាមសាលាដំបូងទូទាំង ២៥រាជធានី-ខេត្ត។
លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះថា ការផ្លាស់ប្តូរតួនាទីចៅក្រម គឺធ្វើទៅតាមគោលការណ៍របស់ឧត្តមក្រុមប្រឹក្សា អង្គចៅក្រម ដែលជានិច្ចកាលចៅក្រមទាំងអស់ ត្រូវតែផ្លាស់ប្តូរកន្លែងបម្រើការងាររៀងរាល់ ៤ឆ្នាំម្តង។
លោក សំ ប្រជាមានិត បានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរ និង ផ្ទេរតួនាទីរបស់ចៅក្រមរៀងរាល់ ៤ឆ្នាំម្តងនេះ ក្នុងបំ ណងទប់ស្កាត់ និងបញ្ចៀសការប្រព្រឹត្តអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ ហើយក៏ជាការចូលរួមពង្រឹងនូវប្រព័ន្ធ យុត្តិធម៌ផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល