CamNews

ព័ត៌មានជាតិ 

អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ អគ្គិសនី បណ្តោះអាសន្ន នៅខេត្ត-ក្រុង មួយចំនួន

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនី ជាបណ្តោះអាសន្ន នៅតំបន់ភ្លើង មួយចំនួន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៦-១៩ខែមករា ឆ្នាំ២០១៤នេះ ដើម្បីអនុវត្តការងារជួលជុល ថែទាំ និងផ្លាស់ប្តូរបរិក្ខាប្រព័ន្ធ បណ្តាញចែកចាយ។

យោងតាមសេចក្តី ជូនដំណឹង របស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមករា នឹងផ្អាកចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ១៤រសៀល នៅតំបន់ភ្លើង លេខ ប.ត ១៣៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥១ ក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក រួមទាំងតំបន់ភ្លើងលេខ P331ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួល សង្កែ ខណ្ឌឫស្ស៊ីកែវ ហើយចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១៦រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ភូមិថ្នល់ទទឹង ក្នុងស្រុកសមរោងទង ខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងបន្តថា នៅថ្ងៃសុក្រទី ១៧ ខែមករា ផ្អាកចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង១២ នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិគោករកា ភូមិច្រេស ភូមិត្រពាំងពោធិ៍ ភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ហើយចាប់ពីម៉ោង៩ ដល់មៅង១៤រសៀល នៅតំបន់ ភ្លើង ប.ត 024 ស្ថិតនៅ តាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រួមទាំង តំបន់ភ្លើង ប.ត 289 ស្ថិតនៅតាមបណ្តោយវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា និង ពីម៉ោង៩ព្រឹក ដល់ម៉ោង ១៦រសៀល នៅតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិរោងចក្រ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពខាងលើបន្ថែមទៀតថា ថ្ងៃសៅរ៍ ទី១៨ ខែមករា នឹងផ្អាក ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ នៅតំបន់ភ្លើង លេខ ប.ត753 , P569 , P570 , P636 , P1114 ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្ស៊ីកែវ ហើយចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១៧រសៀល នៅ តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមិកន្ធោក ក្នុងសង្កាត់កន្ធោក ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ថ្ងៃព្រហស្បត្តិ៍ទី១៦ដល់ថ្ងៃអាទិត្យទី១៩ ខែមករា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១៧ នឹងផ្អាកនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាងូវ ដែលប្រើប្រាស់អគ្គិ សនីចេញពីបន្ទប់ភ្លើងលេខ ប.ត 306 ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ