CamNews

ព័ត៌មានជាតិ 

BREAKING NEWS: លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អាចនឹងទៅកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជា

(ភ្នំពេញ)៖ យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែមេសានេះថា លោក ឡុង ឌីម៉ង​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នឹងត្រូវ​ទៅកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ជំនួសលោក ស៊ុត ឌីណា​។

សូមជំរាបថា ចៅក្រមស៊ើបសួរលោក លាង សំណាត់ បានសម្រេចចេញដីកាឃុំខ្លួន លោក ស៊ុត ឌីណា ជាបណ្តោះអាសន្ន បន្ទាប់ពីលោក មាស ច័ន្ទពិសិដ្ឋ សម្រេច​ចោទប្រកាន់​២បទ ​កេងយកប្រយោជន៍ដោយខុសច្បាប់​ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​ និង​បទរំលោភ​អំណាច​ តាម​មាត្រា​៣៥​ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​។ បទល្មើស​នីមួយៗ​កំណត់​ការ​ផ្តន្ទា​ទោស​ពី​២ឆ្នាំ​ ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ​ទៅ​១០លាន​រៀល​។

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គ្រាដែលរូបលោកចូលជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា បានធ្វើឡើង បន្ទាប់ពីបានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានផ្សាយនៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា រួមមានពាក្យប្តឹងពីក្រសួងការបរទេស ទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូងផងដែរ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: social news local news