CamNews

ព័ត៌មានជាតិ 

លោកឧត្ដមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ ធានាចេញថ្លៃសិក្សា ថ្នាក់មហាវិទ្យាល័យ ជូនយុវតី សឿ ស៊ីថាន់

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ផ្កាយ៣ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ង៧០ បានថ្លែងឱ្យដឹងថា លោកនឹងធានារ៉ាប់រង សម្រាប់ការចំណាយថ្នាក់មហាវិទ្យាល័យ រយៈពេល៤ឆ្នាំ ជូនយុវតី សឿ ស៊ីថាន់ ដែល បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A កាលពីថ្ងៃទី២៤ ខែសីហា កន្លង ទៅ ។

ការសន្យាខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកញ្ញា សឿ ស៊ីថាន់ អាយុ២០ឆ្នាំ រស់នៅយ៉ាងកំសត់ឯកោ ក្នុងជីវភាពលំបាក ជាមួយជីដូនចាស់ វ័យ៧០ឆ្នាំ គ្រាដែលអ្នក ម្ដាយបានស្លាប់ចោល តាំងពីរៀននៅថ្នាក់ ទី៩ ហើយលោកឪពុកចិត្ដអប្រិយបានមាន ភរិយាថ្មី ហើយក៏ត្រូវឃ្លាតចាកឆ្ងាយថែម ទៀត ។

លោកឧត្ដមសេនីយ៍ម៉ៅ សុផាន់ បាន ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកនឹងរៀបចំថវិកា សម្រាប់រយៈពេល៤ ឆ្នាំ ជូនកញ្ញា សឿ ស៊ីថាន់ សម្រាប់បន្ដការ សិក្សានៅថ្នាក់មហាវិទ្យាល័យ ។

លោកបានបន្ដថា លោកមានបំណង និង ទទួលការឱ្យស្នាក់នៅ ព្រមផ្ដល់ម៉ូតូមួយគ្រឿង សម្រាប់ធ្វើ ដំណើរ ទៅសិក្សានិងថវិកា ប្រចាំខែខ្លះផងដែរ ប្រសិនបើយុវតីសឿ ស៊ីថាន់ យល់ព្រមមកសិក្សានៅភ្នំពេញ ដោយកញ្ញាអាចស្នាក់នៅក្នុងបន្ទាយកងពលលេខ៧០តែម្ដង ។ ប៉ុន្ដែបើមិនមានបំណងមកភ្នំពេញទេ គឺលោកនឹងផ្ដល់ថវិកា ជូនកញ្ញា ដូច្នេះសូមកញ្ញា សឿ ស៊ីថាន់ ទាក់ទងផ្ទាល់ ទៅលោកឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ឬក៏ទាក់ទងតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលក៏បាន ចាប់ពីពេលនេះតទៅ ។

លោកឧត្ដមសេនីយ៍ម៉ៅ សុផាន់ បានឱ្យ ដឹងថា លោកពិតជាមានការកោតសរសើរ ចំពោះយុវតី សឿ ស៊ីថាន់ ដែលបានតស៊ូ ប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេសA បើទោះបីជាក្មួយស្រី ជួបនូវការលំបាកខាងជីវភាពនិងសម្ពាធផ្លូវចិត្ដ ដោយសារតែឪពុក ម្ដាយបែកបាក់និងស្លាប់បាត់បង់ជីវិត ។

កញ្ញា ស៊ីថាន់ បានរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងទាំងកត្តាជីវភាព និងភាពកក់ក្តៅនៅក្នុងក្រុម គ្រួសារ។ សម្ពាធ​ជីវភាព  និងកង្វះភាពកក់ក្តៅស្ទើរតែធ្វើឲ្យ ស៊ីថាន់ បោះបង់ការសិក្សា តែការជំរុញលើកទឹកចិត្តពីជីដូនចាស់ និងការចង់រើ  បម្រាស់ចេញភាពក្រីក្រលំបាក បានធ្វើឲ្យយុវតីរូបនេះ ប្រឹងប្រែងរៀនរហូតដល់ទទួលបាននិទ្ទេស A សម្រាប់ការ ប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ។ កញ្ញា ជាសិស្សតែម្នាក់គត់ ក្នុងវិទ្យាល័យ ជា ស៊ីម កណ្តាលជ្រុំ  ដែលទទួលបាននិទ្ទេស A។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP