CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួន ស្រី្តម្នាក់វាយនគរបាលចរាចរបែកមុខ និងចាប់ជនសង្ស័យ២នាក់ទៀត ក្រោយឆក់កាបូបលុយជិត៣មឺុនដុល្លារ

(ភ្នំពេញ)៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យ៣នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ប៉ុន្ដែពីរបទល្មើសផ្សេងគ្នា ដោយក្នុងនោះ ម្នាក់ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា វាយមន្រ្តីនគរបាលចរាចរបណ្តាលឲ្យបែកមុខ រីឯជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធជាមួយករណីឆក់កបូបរបស់ប្រជាពលរដ្ឋជិត៣មឺុនដុល្លារ ព្រមទាំងប្រើប្រាស់គ្រឿងញៀនផងដែរ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ករណីទី១ កម្លាំងជំនាញបានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ ឈ្មោះ ប៉ុលលីន បូណារេរី ភេទស្រី​ អាយុ២២ឆ្នាំ ដែលបានប្រើហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ គឺវាយ នគរបាលចរាច បណ្តាលឲ្យបែកមុខ នៅចំណុចផ្លូវលេខ១០៩ ខាងកើតវិមានសន្តិភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ករណីទី២-កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Nex ដែលបានធ្វើសកម្មភាពឆក់កាបូប នៅចំណុចផ្លូវ២៣២ កែង១៦៣ ស្ថិតក្នុងភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

មន្ដ្រីជំនាញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ភួង ណារ៉ូ អាយុ១៩ឆ្នាំ និងទី២-ឈ្មោះ ភួង ស្រីពេជ្រ អាយុ១៩ឆ្នាំ នៅចំណុចបន្ទប់ជួលលេខ១០១ ដីឡូត៍លេខ២២ ផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ដ្រីដដែល បញ្ជាក់ថា ក្នុងកាបូបដែលជនសង្ស័យឆក់នោះមាន ទឹកប្រាក់២៦,០០០ដុល្លារ និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news