CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ គ្រាប់បែក ពីរគ្រាប់ និងកំាភ្លើងខ្លី ១ដើម ខណៈជីកដី សង់ផ្ទះ នៅទំនប់ទឹក

ភ្នំពេញ៖ គ្រាប់បែកប្រភេទផ្លែទៀបពីរគ្រាប់ និងកំាភ្លើងខ្លីច្រែះចាប់១ដើម ត្រូវបានម្ចាស់អគារ និងកម្មករសំណង់ដែលជីកឃើញ នោះ ប្រគល់ជូនអាជ្ញាធរកម្ចាត់មីន ស៊ីម៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅក្នុងទីតាំងកំពុងសាងសង់ តាមបណ្តោយផ្លូវ៤០២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

កម្មករសំណង់ម្នាក់ ក្នុងការដ្ឋាននេះ បានឲ្យដឹងថា គ្រាប់បែក និងកំាភ្លើងខ្លីនេះ ត្រូវបានប្រទះឃើញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ បន្ទាប់មកខាងម្ចាស់ផ្ទះ ក៏បានទាក់ទងទៅខាងស៊ីម៉ាក់ ដើម្បីមកទទួលយកទៅ។

កម្មករសំណង់បានបន្តទៀតថា ម្សិលមិញខណៈ ដែលមិត្តរួមការងាររបស់គាត់កំពុងធ្វើការ ក៏បានជីកប្រទះឃើញ កំាភ្លើងច្រែះចាប់១ដើម ហើយនិងគ្រាប់បែក ប្រភេទផ្លែទៀបពីរគ្រាប់ ភ្លាមនោះដោយការភ័យខ្លាច កម្មករដែលជីកឃើញនោះ ក៏បានយកគ្រាប់បែកពីរគ្រាប់នោះ ដាក់ចូលក្នុងបំពុងជ័រ រួចចាក់ស៊ីម៉ងត៍ពីលើឲ្យជិតព្រោះខ្លាចផ្ទុះ។

នាយប៉ុស្តិ៍នគរលបាលទំនប់ទឹក លោក ផន អូន បានបញ្ជាក់ផងដែរថា កំាភ្លើងនេះម៉ាក ប៉េអាកុល សល់ពីជំនាន់ដើម ហើយកំភ្លើងនេះ មានគ្រាប់ពេញបង់ ប៉ុន្តែត្រូវច្រែះចាប់អស់ ដោយឡែកគ្រាប់បែកពីរគ្រាប់នោះ លោកមិនអាចបញ្ជាក់បាន ថាជាប្រភេទគ្រាប់បែកអ្វីនោះទេ ព្រោះត្រូវបានចាក់ផ្ចិតដោយស៊ីម៉ងត៍៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP