CamNews

ព័ត៌មានជាតិ 

សាសា ត្រូវតុលាការ ខេត្តបាត់ដំបង កោះហៅ ឲ្យចូលបំភ្លឺក្នុង សំណុំរឿងបង្ក គ្រោះថ្នាក់ចរាចរ នៅសប្ដាហ៍ក្រោយ

បាត់ដំបង៖ លោក តូច សុភក្ដី ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តបាត់ដំបង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះថា ក្រោយពីតុលាការ បានសួរដេញដោល មិត្តភក្តិពីរនាក់ របស់ កញ្ញា សាសា ក្នុងសំណុំរឿង គ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅរួចមក កាលពីពេលថ្មីៗនេះ តុលាការបាន សម្រេចចេញដីកា កោះហៅកញ្ញា ឯក សុជាតា ហៅ សាសា ឲ្យចូលបំភ្លឺជុំវិញ ករណីបង្ក គ្រោះថ្នាក់ខាងលើ នៅសប្ដាហ៍ក្រោយនេះ។

លោក តូច សុភក្តី ថ្លែងថា «ដីកាកោះហៅកញ្ញា សាសា ខ្ញុំបានបញ្ជូនទៅតុលាការ ភ្នំពេញរួចហើយ ហើយ​គេនឹង ចាត់ចែងបញ្ជូន ដល់សាមីខ្លួន តាមនិតិវិធីច្បាប់ ខាងខ្ញុំរង់ចាំតែចម្លើយ និងកន្ទុយសន្លឹកដីកាត្រឡប់ មកវិញ តែប៉ុណ្ណោះ ។ ខ្ញុំចេញដីកាកោះហៅ នៅសប្ដាហ៍ក្រោយនេះ តែខ្ញុំមិនទាន់ប្រាកដថា ថ្ងៃណានោះទេ ព្រោះ ចាំខាងហ្នុង (ខាងតុលាការ) សិន..!»

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហាកន្លងទៅ ព្រះរាជអាជ្ញារងខេត្តបាត់ដំបង លោក តូច សុភក្តី ​បានថ្លែងឲ្យដឹង ថា កញ្ញា សាសា អាចប្រហែល នឹងមានការកោះហៅ ឲ្យមកបំភ្លឺជុំវិញរឿងគ្រោះថ្នាក់ចរាចរ នៅបាត់ដំបង បន្ទាប់ពីរូបលោកបានកោះហៅ មិត្តភក្តិ ២នាក់ របស់ កញ្ញា សាសា សាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ខាងលើនេះរួចមក ។

ព្រះរាជអាជ្ញារង លោក តូច សុភក្តី បានថ្លែងបញ្ជាក់ថា រឿងសាកសួរព័ត៌មានមិត្តភក្តិ ២នាក់ របស់ សាសា តាមនីតិវិធីច្បាប់ លោកមិនអាចទម្លាយ ប្រាប់ឲ្យដឹងនៅពេលនេះទេ ហើយកញ្ញា សាសា ប្រហែលអាចនឹង កោះហៅ មកសាកសួរក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន ។

សូមជំរាបថា កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ ដ៏ល្បីល្បាញជាមួយលោក សុខ ប៊ុន ត្រូវបានគេសង្ស័យថា បានបើករថយន្តស៊េរីទំនើប របស់នាងម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7888 ទៅបុកអ្នកជិះម៉ូតូ សណ្ដោងរ៉ឺម៉កដឹកទឹកកក នៅវេលាម៉ោងជាង ១១ យប់​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីកញ្ញាសាសា ដែលរួមដំណើរ ជាមួយនារីម្នាក់ផង ចេញពីហាង ផឹកស៊ី មួយកន្លែងយីហោតោ២ ។ ករណីនេះបានធ្វើឲ្យម្ចាស់ម៉ូតូ​ឈ្មោះ ទុយ ម៉ោក ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់ ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ មិនយូរឡើយ យុវជនមួយក្រុមជិះរថយន្តទំនើបៗ បានទៅជម្លៀស កញ្ញា​សាសា និងមិត្តស្រីរបស់នាង ម្នាក់ទៀត ចេញពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវ។ ហើយយុវជនម្នាក់ បានចេញមុខ ដោះស្រាយសំណង ជាមួយជនរងគ្រោះជំនួស កញ្ញា សាសា ដើម្បីបញ្ចប់រឿង​ក្រៅប្រព័ន្ធច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong