ភ្នំពេញ ៖ សាក្សី កាន ថុល ដែលជាអនុប្រធាន កងនៅការដ្ឋាន ការងារទំនប់ត្រពាំងថ្ម បានថ្លែង ប្រាប់អង្គជំនុំ ជម្រះសាលាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ ថាមានការបញ្ជាពីថ្នាក់លើ ប្រសិនបើគេរកឃើញ មានជនជាតិវៀតណាម ត្រូវចាប់ខ្លួន ហើយយកទៅសម្លាប់ចោល។
ប៉ុន្តែសាក្សីរូបនេះ មិនដឹងពីមូលហេតុ ពិតប្រាកដ នៃការដាក់បញ្ជានេះទេ ហើយលោកក៏មិន ដែលបានឃើញ ការចាប់ខ្លួនដោយផ្ទាល់ទេ។ លោកបានថ្លែងថា ការបញ្ជាឱ្យមាន ការចាប់ខ្លួន និងសម្លាប់លើជន ជាតិវៀតណាម នេះត្រូវបានដឹងទូទៅទាំងថ្នាក់លើ និងកងចល័ត។
លោក កាន ថុល គឺជាសាក្សីទី៣ ក្នុងចំណោមសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណី ១១ រូបដែលត្រូវកោះហៅ មកផ្តល់សក្ខីកម្មទាក់ទងនឹងការដ្ឋានការងារ ទំនប់ត្រពាំងថ្ម ។ ការដ្ឋានទំនប់ត្រពាំងថ្មនេះ គឺជាការដ្ឋាន ការងារទី៣ និងអង្គហេតុចុងក្រោយទាក់ទង នឹងការសួរដេញដោល លើអង្គហេតុការដ្ឋានការងារ ដែល ត្រូវបានលើកមកជំនុំជម្រះនៅក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន។
លោកកាន ថុល បានថ្លែងថា អ្នកដែលធ្វើការ នៅការដ្ឋានទំនប់អាងត្រពាំងថ្ម គឺសុទ្ធតែត្រូវ អង្គការចាត់ តាំងដោយបង្ខំ និងមានមនុស្ស ១៥.០០០នាក់ មកពីតំបន់ផ្សេងៗចូលរួមលើកអាងត្រពាំងថ្មនេះ ក្នុងនោះ ក៏មានកុមារជំទង់អាយុចាប់ពី១៥ ទៅ១៨ឆ្នាំដែរ។ យោងតាមដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ការដ្ឋានការងារទំនប់ត្រពាំងថ្ម មានទីតាំងស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបាន គេជឿថា បានកសាងឡើងចន្លោះឆ្នាំ ១៩៧៧ ដល់ពាក់កណ្តាលឆ្នាំ១៩៧៨ ក្នុងគោលបំណងសម្រេច លើផលិតកម្ម ស្រូវរបស់បក្សកុម្មុយនិស្តកម្ពុជា។ ទំនប់នេះមានបណ្តោយប្រវែង ១០ គីឡូម៉ត្រ និងទទឹង ៧ គីឡូម៉ែត្រ។ តាមសាក្សី មានមនុស្សចន្លោះពី១៥០០០ ទៅ២០០០០ នាក់ធ្វើការងារ ទីនោះ និងមានការចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើន។
លោកនិយាយថា ប្រសិនបើអ្នកណាមិនគោរពតាម វិន័យដែលដាក់ចុះ នោះនឹងទទួលពិន័យ ដូចជាការកាត់ បន្ថយរបបអាហារជាដើម។ ការផ្តល់សក្ខីកម្មរបស់សាក្សី កាន ថុល បានបញ្ចប់នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ ហើយ សាក្សីថ្មីមួយរូបទៀតនឹងត្រូវកោះហៅមកផ្តល់សក្ខីកម្មបន្ត។
រហូតមកទល់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ នេះ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការដេញ ដោលលើ ភស្តុតាងក្នុងសំណុំរឿង ០០២\០២ នេះ បានចំនួន ៨១ ថ្ងៃរួចមកហើយនិង បានស្តាប់ការផ្តល់សក្ខី កម្មរបស់សាក្សីចំនួន ៣៣ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ២០ រូប និងអ្នកជំនាញចំនួន ១ រូប។ អង្គហេតុ ដែលបានសួរដេញដោលរួចហើយរួម មាន សហករណ៍ត្រាំកក់ មន្ទីរសន្តិសុខក្រាំងតាចាន់ ការដ្ឋានការងារទំនប់ ១ មករា ការដ្ឋា ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងគ្រោងបញ្ចប់សវនាការលើភស្តុតាង ពាក់កណ្តាលឆ្នាំ ២០១៦ ខាងមុខ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល