ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ ព្រះបរមរាជវាំង បានចេញ សេចក្ដីប្រកាសព័ត៌មានមួយ ដោយច្រាន ចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា ព្រះមហាក្សត្រ គ្រោងនឹងកោះហៅថ្នាក់ដឹកនាំធំៗ នៃគណបក្សទាំង៣ ដើម្បីទៅពិភាក្សា អំពីបញ្ហាព្រំដែន ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥នេះ សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ និង សារព័ត៌មាននានាបានចេញផ្សាយថា សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ មានបន្ទូល ថា “ព្រះមហាក្សត្រគ្រោងនឹងកោះហៅមេដឹកនាំគណបក្សនយោបាយធំៗទាំង៣ មកប្រជុំពិភាក្សាលើបញ្ហាព្រំដែន...” ។
ចំពោះអត្ថបទព័ត៌មានខាងលើនេះ ក្រសួងព្រះបរមរាជវាំង សូមប្រកាសជាព័ត៌មានជូនសាធារណជន ជ្រាបថា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ ពុំមានព្រះរាជតម្រិះឬព្រះរាជឱអង្ការ ឬមាន ផែនការ កោះហៅមេដឹកនាំគណបក្សធំៗទាំង៣ មកពិភាក្សាអំពីបញ្ហាព្រំដែនឡើយ ។ បើមានកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនិងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ នឹងពិគ្រោះយោបល់ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននីតិប្រតិបត្ដិ ហើយព្រះអង្គក៏មិន មានទម្លាប់ពិគ្រោះជាមួយគណបក្សនយោបាយឡើយ ។
ក្រសួងព្រះបរមរាជវាំង សូមបដិសេធ និងទាត់ចោលទាំងស្រុងនូវព័ត៌មានអាក្រក់ ប្រាសចាកការពិត ដូចដែលមានចុះផ្សាយក្នុង សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ និងសារព័ត៌មាននានាខាងលើនេះ ។
សូមបញ្ជាក់ថា សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ បានចុះផ្សាយនូវអត្ថបទមួយ ដែលមានចំណងជើងថា “ទ្រង់រណឫទ្ធិ អំពាវនាវ ឱ្យពន្យារពេលការបោះបង្គោល ព្រំដែន” ។
អត្ថបទនេះ មានឃ្លាមួយបានសរសេរថា “កាលពីថ្ងៃសៅរ៍ ព្រះអង្គម្ចាស់នរោត្ដមរណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ដ្រីទី១ បានបញ្ជាក់ថា ព្រះករុណា ព្រះបាទនរោត្ដម សីហមុនី បានគ្រោងអញ្ជើញមេដឹកនាំគណបក្សធំៗទាំងបី ដើម្បីជួបពិភាក្សាពីបញ្ហាព្រំដែន ។ ប៉ុន្ដែព្រះអង្គមិនបានផ្ដល់កាលបរិច្ឆេទជាក់ លាក់នៃកិច្ចប្រជុំរវាងព្រះមហាក្សត្រនរោត្ដមសីហមុនី និងមេដឹកនាំគណបក្សនយោបាយធំៗទាំងបីនោះទេ ហើយព្រះអង្គក៏មិនបានរៀបរាប់ ឈ្មោះគណបក្សធំៗទាំងបីនោះដែរ ”... ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល