(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាតារាចម្រៀង ស្រីស្រស់ គឹម លីហ្សា បានបង្ហាញសារគួរឲ្យភ្ញាផ្អើលមួយ កាលពីពេលថ្មីៗនេះ ដោយរូបនាង បានសម្ដែងនូវអារម្មណ៍ត្រេកអរស្ទើរហោះ រហូតស្រក់ទឹកភ្នែក ពេលដឹងថា ខ្លួនកំពុងតែមានកូនមកចាប់កំណើតក្នុងផ្ទៃ ដែលជាពេលវេលាមួយ រង់ចាំយ៉ាងអន្ទះសារបំផុត សម្រាប់ការស្វាគមន៍កូនលើកដំបូង ក្នុងជីវិតគ្រួសាររបស់នាង ដែលបានរៀបការទៅរស់នៅជាមួយស្វាមី ក្នុងប្រទេសអូស្រ្តាលី ចាកឆ្ងាយពីស្រុកកំណើត រយៈពេលជាង២ឆ្នាំមកហើយ ។
ក្នុងបណ្ដាញសង្គម Facebook របស់តារាសម្ដែង សាច់សខ្ចី សម្ដីស្រទន់ អ្នកនាង គឹម លីហ្សា បានសរសេរប្រាប់ Friend ជាសាធារណៈ អមដោយរូបភាពលើកបង្ហាញ ប្រដាប់ពិនិត្យទឹកនោម ក្នុងបណ្ដាញមួយនេះថា «លើកទីមួយ នៅក្នុងជីវិតហើយដែរ (ដែល)ខ្ញុំរំភើប រហូតដល់ស្រក់ទឹកភ្នែក សូមស្វាគមន៍ ការមកកាន់ពិភពលោកមួយនេះ ណាកូនសំឡាញ់ ប៉ាម៉ាក់រង់ចាំជួបមុខកូនណា I love u baby..!»។
តាមរយៈសារដ៏កម្រនេះ បានបង្ហាញឲ្យឃើញថា ពិតជាចង់បានកូន ដើម្បីបង្កើនសុភមង្គលគ្រួសារប្រាកដមែន ទោះបីជានាងជាប់ដៃរវល់នឹងការងាររកស៊ី យ៉ាងណាក្ដី ក៏ការមានកូន គឺអាចបញ្ជាក់ពីសេចក្ដីសុខក្នុងគ្រួសារ កាន់តែមានភាពផ្អែមល្ហែមបន្ថែមទៀត ពោលនៅពេលនេះ អ្វីៗបានសមតាមបំណងរបស់នាង និងស្វាមី ដែលកំពុងរង់ចាំមើលមុខកូន យ៉ាងអន្ទះសារបំផុត ។
គេនៅចាំបានថា តារាចម្រៀង និងបានវិវត្តន៍ខ្លួនជាអ្នកសម្តែង យ៉ាងប៉ិនប្រសព្វ កញ្ញា គឹម លីហ្សា បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយស្វាមីជាអានិកជនខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី គឺលោក គីវ វុទ្ធី កាលពីថ្ងៃទី១៨ ធ្នូ ២០១៣ ។
បន្ទាប់ពីរៀបការរួចរាល់ នាង គឹម លីហ្សា បានបញ្ជាក់ថា នាងនៅមិនទាន់ឆាប់ចាកចេញ ទៅប្រទេសអូស្ត្រាលី តាមស្វាមីឆាប់ពេកទេ ព្រោះកំពុងរត់ការចេញឯកសារ ។ នាងត្រូវបន្តចូលអុកឡុកសិល្បៈមួយរយៈសិន ហោចណាស់២ទៅ៣ខែឯណោះ ។ ចំណែកការសម្តែងនោះ ក៏កាត់បន្ថយច្រើនដែរ នាងចេញមុខតែការឡើងច្រៀង តាមស្ថានីយទូរទស្សន៍ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី