CamNews

ព័ត៌មានជាតិ 

ចាប់ខ្លួនចោរ គាស់ផ្ទះម្នាក់ យកលុយនិង គ្រឿងអលង្កា អស់ជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យ ម្នាក់ បន្ទាប់ពីរូបគេ បានគាស់ទ្វារហើយចូលទៅ ក្នុងផ្ទះជនរងគ្រោះ លួចគ្រឿងអលង្កា ដែល មានតម្លៃគិតជាទឹក ប្រាក់១៣០០០ដុល្លារ ស្ថិតនៅផ្ទះលេខ1DE ផ្លូវលេខ៣៧២ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពី យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥កន្លងទៅ។

ជនសង្ស័យរូបនេះ ឈ្មោះប្រេស  ភីរក្ស ហៅលីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ 1D ផ្លូវលេខ៣៧២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ លោកប៊ុន សត្យា បានឱ្យដឹង ថា នៅវេលា ម៉ោងកើតហេតុខាងលើ ជនរង គ្រោះឈ្មោះឈៀង វណ្ណៈនិងប្រពន្ធឈ្មោះ ឡាច ស្រីមុំ ពេលត្រឡប់ មកពីលក់ទូរស័ព្ទ ដៃនៅផ្សារឃ្លាំងរំសេវ ហើយពេលមកដល់ ផ្ទះឃើញមានអំពូលភ្លើងបើកនៅបន្ទប់ឡៅ តឿន ប៉ុន្ដែពួកគេមិនបានចាប់អារម្មណ៍ក៏ ទៅយកកូនចេញពីសាលា ។ លុះដល់វេលា ម៉ោង៨យប់ កូនស្រីឈ្មោះ អ៊ុង លីជីងជីង អាយុ១២ឆ្នាំ បានឡើងទៅបន្ទប់ឡៅតឿ ឃើញ ពិតានធ្លាក់ក៏ប្រាប់ ទៅឪពុកម្ដាយ ហើយនាំគ្នាទៅមើលទើបដឹងថា មានចោរ ចូលលួចទ្រព្យសម្បត្ដិ។

តាមការបញ្ជាក់ពីជនរងគ្រោះ គ្រឿង អលង្កាជាច្រើន ត្រូវបានចោរលួចយកទៅ រួមមាន កងដៃបា្លទីនដាំ ពេជ្រមួយគូ តម្លៃ ៣២០០ដុល្លារ ចិញ្ជៀនពេជ្រមួយវង់ តម្លៃ ៣០០០ដុល្លារ ក្រវិលមួយគូដាំពេជ្រ តម្លៃ ២០០០ដុល្លារ ខ្សែកបា្លទីនបន្ដោងពេជ្រ តម្លៃ ៣៣០០ដុល្លារ ខ្សែដៃ ខ្សែជើង និងកងដៃ កូនស្រី តម្លៃ ១៥០០ដុល្លារ ដូច្នេះសរុបជា ទឹក ចំនួន១៣០០០ដុល្លារដែលត្រូវបាត់បង់។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រួចមក កម្លាំងនគរបាល ជំនាញ ក្រោមការ បញ្ជាពីលោកឧត្ដមសេនីយ៍ស្នងការបានចុះ ទៅធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួនជនសង្ស័យបានកាលពីព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP