CamNews

ព័ត៌មានជាតិ 

តុលាការ សម្រេចប្រគល់ ក្រុមហ៊ុនសាច់ ប៉ាតេ ៩៩៩ របស់ឧកញ៉ា ថោង សារ៉ាត់ ជូនប្រពន្ធ ឈ្មោះ យ៉ា សារី

ភ្នំពេញ ៖ មន្ដ្រីសាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីចុះទៅបើក ឃ្លុមបេ ក្រុមហ៊ុន សាច់ប៉ាតេ ៩៩៩ របស់ឧកញ៉ា ថោង សារ៉ាត់ ស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ជាលទ្ធ ផល ក្រុមហ៊ុនខាងលើ ត្រូវប្រគល់ ទៅឱ្យប្រពន្ធ របស់ឧកញ៉ាថោង សារ៉ាត់ គឺឈ្មោះ យ៉ា សារី ជាអ្នក គ្រប់គ្រងបន្ត ។

គណៈកម្មការចម្រុះ ដឹកនាំដោយចៅ ក្រមស៊ើបសួរសាលា រាជធានីភ្នំពេញ លោក លី សុខឡេង ដោយមានការចូលរួមពី នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញដឹកនាំដោយលោក ស្នងការរង ជួន ណារិន្ទ និងអាជ្ញាធរពាក់ព័ន្ធ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ បានចុះទៅកាន់ ក្រុមហ៊ុន និងផ្ទះល្វែងលក់សាច់ប៉ាតេ ៩៩៩ នៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីត្រូវបានឃ្លុមបេចោល តាំងពីសំណុំរឿង អំពើឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបាន លាតត្រដាង គឺឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងនៅពីក្រោយ ។

ការចុះទៅបើកឃ្លុមបេ ផ្ទះល្វែងនិងក្រុមហ៊ុន សាច់ប៉ាតេ ៩៩៩របស់ឧកញ៉ា ថោង សា រ៉ាត់ ខាងលើនេះ បានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់សាលាឧទ្ធរណ៍ បានបដិសេធបណ្ដឹងនៅ ក្រៅឃុំរបស់ឪពុកម្ដាយថោង សារ៉ាត់ គឺ លោក ថោង ចំរើន និងអ្នកស្រី កែវ សារី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ គណៈកម្មការចម្រុះ ដែលដឹកនាំដោយ ប្រធានតុលាការ បានចុះទៅបើក ឃ្លុមបេផ្ទះ របស់ឧកញ៉ា ថោង សារ៉ាត់ នៅអគារលេខ៩១៧ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយសម្រេចប្រគល់ទៅឱ្យឈ្មោះ ទាវ ធីតា ជាប្រពន្ធទី២ ខណៈដែលផ្ទះរបស់ឈ្មោះ ឌួង ថាវរី ជាប្រពន្ធ ទី៣ ត្រូវបាន គណៈកម្មការ ឃ្លុមបេមិនឱ្យ មានអ្នកចេញ និងស្នាក់នៅនោះឡើយ។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកម្ពុជា មិនទាន់អាចស្វែងរកចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ នៅឡើយទេ បើទោះបីនគរបាលអាំងទែប៉ូលរបស់កម្ពុជា បានសហការរួចរាល់ ជាមួយនគរបាល អាំងទែប៉ូលអន្តរជាតិ ក៏ដោយនោះ។ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានដាក់ការសង្ស័យថា ឧកញ៉ាថោង សារ៉ាត់ និងប្រពន្ធទី៣ របស់ខ្លួន ឌួង ថាវរី កំពុងលាក់ខ្លួនពួនអាត្មា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

បើទោះបីមេឃាតករវ័យក្មេងរូបនេះ មិនទាន់ត្រូវ បានចាប់ខ្លួន ប៉ុន្តែអង្គរក្សទាំង៤នាក់ ដែលជាជនដៃដល់ និងអ្នកចូល រួមធ្វើសកម្មភាព បាញ់ជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ទាំង៤នាក់ ព្រមទាំងឪពុកម្តាយ ត្រូវបានតុលាការ ចោទប្រកាន់ ហើយដាក់ឃុំខ្លួន នៅពន្ធនាគារព្រៃស រួចរាល់ហើយដែរ។

គួរកត់សំគាល់ថារហូតមក ដល់ម៉ោងនេះ ពុំមានជនណាម្នាក់ អាចលាតត្រដាងពីការពិត និងមូលហេតុ ជាក់ស្តែង ក្នុងអំពើឃាតកម្មនេះ នៅឡើយទេពោល មានតែឧកញ៉ា ថោង សារ៉ាត់ ម្នាក់គត់ដែលអាចបើកវាំងននខ្មៅ នេះបាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP