(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ត្រង់ចំណុចក្លឹបកម្សាន្តចតុមុខ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពោលនៅខាងជើងស្ពានជ្រោយចង្វារ នៅល្ងាចមិញនេះ ជាលទ្ធផល នៃការខូចខាត ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣៩ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង បង្កការផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន៣៩គ្រួសារ ហើយបើគិតជាទំហំខូចខាតអស់ប្រហែលខ្ទង់ម៉ឺនដុល្លារឯណោះ។
លោក ចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលនេះអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានដឹកនាំមន្រ្តីមួយចំនួនទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីសួរនាំជនរងគ្រោះ និងវាយតម្លៃនៃទំហំការខូចខាត។
លោក ចាប ឌីណា បានបន្តថា «មូលហេតុដែលកើតមានអគ្គិភ័យ នៅថ្ងៃម្សិលមិញនោះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង»។
បើតាមលោក ចាប ឌីណាស នៅថ្ងៃនេះលោកអភិបាលខណ្ឌ និងដឹកនាំមន្រ្តីនាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យនោះ ដែលក្នុងនោះលោកបានសម្ដែងនូវការសោកស្ដាយ យ៉ាងក្រៀមក្រំ ចំពោះគ្រោះមហន្តរាយនេះ។
លោកបានបន្ថែមថា អគ្គិភ័យនៅថ្ងៃម្សិលមិញ បានពន្លត់ទាំងស្រុងទៅវិញ នៅវេលាម៉ោង១៨៖៣០នាទី។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន២០គ្រឿង, អូប័ររបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យជើងទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន ២គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង, សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង, សាលាខណ្ឌជ្រោយចង្វារចំនួន៥គ្រឿង, ក្រសួងមហាផ្ទៃចំនួន១គ្រឿង និងរថយន្តស្ថានីយ៍កម្ពុជាតេឡា ចំនួន១គ្រឿង៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី