CamNews

ព័ត៌មានជាតិ 

អ្នកផ្ទុក មេរោគអេដស៍ នៅឃុំរការ បានស្លាប់ ៥ នាក់

បាត់ដំបង ៖ អ្នកផ្ទុកមេរោគអេដស៍ជាទារិកា និងមានវ័យចំណាស់ នៅឃុំរការចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥នេះ។

អ្នកស្រី ស៊ឹម ពៅ មេឃុំរការ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ជនរងគ្រោះទាំង៥នាក់ ដែលបានស្លាប់ ចាប់តាំពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ជនរងគ្រោះស្លាប់មាន ៖ ទី១-ឈ្មោះ ស៊ន នីសា ភេទស្រី អាយុ៧ខែ ទី២-ឈ្មោះ នាជ រស់ ភេទស្រី អាយុ ៦៨ឆ្នាំ ទី៣-ឈ្មោះ ចិន ធឿក ភេទស្រី អាយុ ៧៣ឆ្នាំ ទី៤-ឈ្មោះ ឆែម វ័ន ភេទស្រី អាយុ៧៣ឆ្នាំ ទាំ៤នាក់ខាងលើ រស់នៅ ភូមិឃុំរការ និងទី៥-ឈ្មោះឆែម  ឆាត ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅភូមិអំបែងថ្ងែ ឃុំរការ ស្រុកសង្កែ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនអាចស្វែងរកកាបំភ្លឺបន្ថែមពីលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានទេ នាព្រឹកថ្ងៃព្រហស្បតិ៍ ដោយទូរស័ព្ទរបស់លោកហៅចូលជាច្រើនដង តែគ្មានអ្នកទទួល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាទៅពិនិត្យឈាម និងស្វែងរកឃើញ  មានផ្ទុកមេរោគអេដស៍ជាបន្ទាប់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ធ្វើឲ្យពួកគេមានការតក់ស្លុត  អារម្មណ៍ជាខ្លាំង។ ជាមួយការផ្ទុះនូវការរីករាលដាលមេរោគអេដស៍ទៅលើអ្នកភូមិនេះ លោក យែម ជ្រិន ដែល ជាអ្នកចាក់ថ្នាំឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរកានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយក៏ត្រូវបានតុលាការសម្រេច  ឃុំខ្លួនផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា កន្លងទៅ ប្រជា ពលរដ្ឋក្នុងឃុំរការ ដែលបានឆ្លង និងផ្ទុកមេរោគអេដស៍មានចំនួន ២២៦នាក់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong