CamNews

ព័ត៌មានជាតិ 

នគរបាល តាមចាប់ក្រុមចោរប្លន់ ២នាក់ ក្នុងនោះម្នាក់ ជាថៅកែ ហាង ហូមកាហ្វេ

កំពង់ចាម ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៥ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ចោរប្លន់២នាក់ ក្រោយពីធ្វើ សកម្មភាព កាលពី ៧ឆ្នាំ និង ១០ឆ្នាំមុន ក្នុងនោះម្នាក់ជា ថៅកែហាង ហូមកាហ្វេ ដែលជាហាងដ៏ធំមួយ នៅក្រុងកំពង់ចាម ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនត្រូវចោទទី១ បានធ្វើ សកម្មភាពប្លន់ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០០៨ និងជនត្រូវចោទទី២ ដែលថៅកែហាង ហូមកាហ្វេនោះ បានធ្វើសកម្មភាព នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៥ ។

បើតាមមន្រ្តីនគរបាល បានបញ្ជាក់ថា ជនទី១ មានឈ្មោះ រ៉េន រ៉ុយ អាយុ ២៨ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្នុដំបង ត្រូវបាន លោកចៅក្រម អុំ ចាន់ថុល ចេញដីកាឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ។

ដោយឡែក ជនទី២ ឈ្មោះ ប៉ូ សិលា អាយុ ២៩ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវជាប់ចោទពីបទប្លន់ កាលពី ១០ឆ្នាំមុន។ មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា នេះជាជនទី២០ និង២១ហើយ ដែលសមត្ថកិច្ចចាប់តាមដីកា នៅក្នុងរដូវកាលចូលឆ្នាំថ្មី ហើយបច្ចុប្បន្ន កំពុងកសាង សំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ។

ស្នងការនគរបាលខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា លោកបានដាក់ផែនការ ទៅនគរបាលជំនាញ និងនគរបាល តាមបណ្តា ក្រុងស្រុក ឲ្យធ្វើការស្រាវជ្រាវ និងតាមចាប់ជនដែលត្រូវចោទ តាមដីកា របស់តុលាការបើទោះបីជាដីកានោះ មានរយះពេលយូរប៉ុណ្ណាក៏ដោយ ពោលមិនទាន់ ហួសអាយុកាល។ កន្លងទៅ ជនត្រូវចោទ ពីបទល្មើសផ្សេងៗ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ជាបន្តបន្ទាប់ ខណៈកំពុងរត់គេចខ្លួននោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kampong Cham