ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់កម្លាំង សមត្ថកិច្ចខណ្ឌ៧មករា ទៅជួយអន្ដរាគមន៍ និងសួរនាំ បន្ទាប់ពី មានព័ត៌មានមកថា សន្ដិសុខរបស់ក្រុមហ៊ុនអានកូ ស្ថិតនៅក្បែរ សាលាដំបូងរាជធានីភ្នំពេញ សង្កាត់វាល វង់ ខណ្ឌ៧មករា កាន់កាំភ្លើងអាកា និងគំរាម ទៅដល់អ្នកបើករថយន្ដឱ្យមេធាវីណាច ទ្រី និង មានក្រប ខណ្ឌជាមន្ដ្រីនគរបាលតម្រួត បទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានជម្លោះរឿង ចតរថយន្ដ មុខក្រុមហ៊ុនអានកូរបស់ខ្លួន ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ លោកមេធាវីណាច ទ្រី អមដោយអ្នកបើករថយន្ដរបស់ខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ លុះពេលដល់ មុខតុលាការ លោកណាច ទ្រី បានចុះពីរថយន្ដ ចូលទៅ តុលាការបាត់ សល់តែអ្នកបើករថយន្ដឈ្មោះញ៉ែម វណ្ណថា បើករកកន្លែងចត ។
សាក្សីបានបន្ដទៀតថា ពេលដែលអ្នក បើករថយន្ដរូបនេះ ចតនៅមុខក្រុមហ៊ុនអាន កូ ដោយបាំងកន្លែង បុរសម្នាក់ រកស៊ីប៉ះកង់ម៉ូតូ បណ្ដាលឱ្យពួកគេទាំងពីរនាក់ កើតជម្លោះ តមាត់តសំដីដាក់គ្នាយ៉ាងខ្លាំង ។ ដោយឮសំដីទាស់គ្នា សន្ដិសុខរបស់ក្រុមហ៊ុន អានកូ ដែលកំពុងនៅខាងក្នុងក្រុមហ៊ុន ក៏បានដើរចេញ មកក្រៅ ស្ពាយកាំភ្លើងអាកា មកជួយនិយាយការពារអ្នកប៉ះកង់ និងគំរាមអ្នកបើករថយន្ដ របស់មេធាវីណាច ទ្រី ។ ភ្លាមៗនោះ ក៏មានថ្នាក់ដឹកនាំក្រុមហ៊ុនម្នាក់ ចេញមកស្រែកឡូឡា និងស្ដីឱ្យអ្នក បើករថយន្ដរហូតមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ធ្វើឱ្យកម្លាំងនគរបាលខណ្ឌ៧មករា ជាច្រើននាក់ ចុះមកសួរនាំនិងដោះស្រាយតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយអ្នកបើករថយន្ដរបស់ មេធាវីណាច ទ្រី នៅតែប្រកាន់ជំហរដាក់ ពាក្យបណ្ដឹងសន្ដិសុខ របស់ក្រុមហ៊ុន ពីបទគំរាមកំហែងដល់អាយុជីវិត។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល