រតនគិរី៖ យោងតាមប្រភពពត៌មានពីសមត្ថកិច្ច ប្រាប់ឲ្យដឹងថាពួកគាត់ហាក់បីដូចជា ពុំមានអារម្មណ៍និងទឹកចិត្តធ្វើការងារនោះទេ សព្វថ្ងៃនេះដោយសារតែ ការខិតខំបំពេញការងារ ដូចជាទប់ស្កាត់បទល្មើសផ្សេងៗ ចាប់ជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការ តែជនប្រព្រឹត្តិបទល្មើសមិនត្រូវ បានផ្តន្ទាសទោស ដោយច្បាប់ ពោលគឺដោះលែងអោយមានសេរីភាពក្រៅប្រព័ន្ធច្បាប់។
ប្រភពពត៌មានខាងលើប្រាប់បន្តទៀតថាជាក់ស្តែងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ កន្លងមកថ្មីៗជនជាតិយួនម្នាក់ឈ្មោះ ឡេ វ៉ាន់ឡុង បើករថយន្តស៊េរីទំនើបម៉ាក Jaguar ពាក់ស្លាកលេខភ្នំពេញ2Q-1014 ត្រូវបានកម្លាំងចម្រុះធ្វើការត្រួតពិនិត្យ ខណៈកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៧៨ត្រង់ចំណុចភូមិទេសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ឆែកឆេរឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក១១០មីលីក្រាម ប្រដាប់សេព និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។ រីឯជនសង្ស័យឈ្មោះ ឡេ វ៉ាន់ឡុង ជនជាតិយួន ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបានលុង ឃាត់ខ្លួនបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត រួចមន្ត្រីជំនាញអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែជនសង្ស័យខាងលើនេះត្រូវបានដោះលែងអោយមានសេរីភាពដោយលោកព្រះរាជអាជ្ញារងម៉ម វណ្ណដា (មិនធ្វើការចោទប្រកាន់)។ ប្រភពពត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានដោះលែងអោយរត់គេចខ្លួនទៅប្រទេសវៀតណាមបាត់ទៅហើយ។
ការទំនាក់ទំនងនានាទាក់ទិនទៅនឹងការដោះលែងជនសង្ស័យរក្សាទុកគ្រឿងញៀនអោយមានសេរីភាពនេះដែរ មជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺ ពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានទេ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ។ គេកំពុងតែឆ្ងល់ថា ការដោះលែងជនសង្ស័យ ដែលមានវត្ថុតាងអោយមានសេរីភាព ដោយសារតែអំណាចទឹកលុយ ឫក៏មានអន្តរាគមន៍ពីថ្នាក់លើណាមួយ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល