ឧត្តរមានជ័យ៖ ទារក ៣នាក់ ដែលបានចាប់កំណើតក្នុងគ្រួសារ ក្រីក្រមួយគ្រួសារ ក្នុងភូមិទួលចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានសម្រាលប្រកបដោយជោគជ័យ និងសុខសុវត្ថិភាព នាម៉ោង ៤ទៀប ភ្លឺថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យបង្អេកស្រុកអន្លង់វែង។
ទារកទាំង ៣នាក់ ដែលសម្រាលនៅថ្ងៃនេះ សុទ្ធតែសុខភាពល្អគ្រប់ៗគ្នា។ ទារកទាំង ៣នាក់នេះ មានម្តាយឈ្មោះ វ៉ាត ស្រីកែវ អាយុ ២៦ឆ្នាំ ឪពុកឈ្មោះ ជួន សុផន អាយុ ២៨ឆ្នាំ មានមុខរបរធ្វើស្រែ។
គ្រួសារ ដែលមានជីវភាពទីទ័លក្រនេះ ធ្លាប់បានសម្រាលកូនចំនួន ៣លើកមកហើយ។ បូករួមទាំងកូន ដែល សម្រាលនៅថ្ងៃនេះ ៣នាក់ទៀត ចំនួនកូនក្នុងគ្រួសារនេះ បានកើតឡើងដល់ ៦នាក់ ហើយក៏កំពុងក្លាយជា ចំណោទបញ្ហា ក្នុងជីវភាពរបស់ពួកគេផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបានចាត់ទុកទារក ទារិកា ដែលកើតម្តង ៣នាក់ គឺជាកូនៗ ឬចៅៗ របស់សម្តេច ហើយសម្តេចតែងបានផ្តល់ នូវអំណោយផ្សេងៗ សម្រាប់ទ្រទ្រង់លើជីវភាពក្រុមគ្រួសាររបស់ពួកគេផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល