CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនស្រ្តីកំហូច ប្រើល្បិច ចូលទិញទំនិញ បន្លំលួចកាបូបលុយ

ភ្នំពេញ ៖ ស្ត្រីកំហូចមា្នក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋនាំគា្នឃាត់ខ្លួន ប្រគល់ឱ្យ នគរបាលប៉ុស្តិ៍ទួលសង្កែ បនា្ទប់ពីស្រ្តីរូបនេះ ប្រើល្បិចចូលទៅរកទិញទំនិញ ហើយបន្លំលួចយកកាបូប លុយពីអ្នកលក់ ។

ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភា្ញក់ផ្អើល កាលពីព្រឹកថ្ងៃទី១៥ តុលាឆ្នាំ ២០១៥នៅផ្ទះលក់ទំនិញលេខ1A ផ្លូវ១០៣ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីជាជនសង្ស័យ ដែលត្រូវប្រជពលរដ្ឋ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យនេះ មានឈ្មោះដា វី អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ រីឯជនរងគ្រោះជាម្ចាស់ផ្ទះលក់ទំនិញ ឈ្មោះលី ម៉េងលាង ភេទប្រុស អាយុ៤២ឆ្នាំជាប្តី្ត និង ប្រពន្ធឈ្មោះហេង ស៊ាងហោ អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ1Aផ្លូវ103ក្រុម១៣ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមាន ស្ត្រីជនសង្ស័យនិងបក្ខពួកចំនួន២នាក់ទៀត សរុប៣នាក់ ប្រុស២ស្រី១បានជិះម៉ូតូ២គ្រឿងមកឈប់នៅមុខផ្ទះរបស់គាត់ ក្នុងនោះ មាន២នាក់ស្រី១ប្រុស១ ដើរចូលទៅក្នុងផ្ទះរបស់គាត់ធ្វើជាសួរកទិញទំនិញដោយ ទុកឱ្យស្ត្រីជាជន សង្ស័យខាងលើអង្គុយចាំនៅលើម៉ូតូម៉ាកសង់កូរ៉េមិនចាំស្លាកលេខ ចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ ។ បន្ទាប់មកពួកគេចូលទៅដល់ផ្ទះធ្វើជាសួរកទិញអីវ៉ាន់ ស្រាប់តែបក្ខពួកម្នាក់ទៀតឆ្លៀតឱកាសដើរចូលទៅក្នុងផ្ទះ ហើយពេលរូបគាត់ជាម្ចាស់ផ្ទះភ្លេចខ្លួន ដោយជាប់រវល់និយាយជាមួយនិងបក្ខពួកគេម្នាក់ផ្សេងទៀតជនម្នាក់នេះក៏លួចយកកាបូបលុយ រត់ចេញមកក្រៅផ្ទះបំណងឡើងជិះម៉ូតូ ប៉ុន្តែត្រូវបានគាត់ឃើញទាន់ទើបស្រែកឆោឡោឮដល់អ្នកជិតខាង នាំគា្នជួយដេញចាប់ដណ្តើមបានកាបូបលុយមកវិញ រីឯបក្ខពួក២នាក់នោះក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

ម្ចាស់ផ្ទះឲ្យដឹងទៀតថា ពេលនោះគាត់ឃើញ នៅសល់តែស្ត្រីជនសង្ស័យមា្នក់ខាងលើ ក៏ស្រែកឲ្យប្រជាពលរដ្ឋ ជួយដេញចាប់បានព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង ទើបយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែចាត់ការតាមច្បាប់ ។

ខណៈនោះដែរសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1FA4017 ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP