CamNews

ព័ត៌មានជាតិ 

កញ្ញា ធី សុវណ្ណថា ប្រកាសផ្តល់អាហារូបករណ៍១០០កន្លែង សម្រាប់ជនពិការ តាមរយៈអគ្គលេខាធិការ ក្រុមប្រឹក្សា

(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា នៅថ្ងៃអាទិត្យនេះបានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ដល់សិស្សជាជនពិការនៅកម្ពុជា។ ក្រៅពីការផ្តល់ អាហារូបករណ៍ឲ្យសិក្សាមិនអស់ថវិកាហើយនោះ យុវតីវ័យក្មេងប្រធានអង្គការយុវជនកិច្ចការសង្គមរូបនេះ ក៏បានប្រកាសផ្តល់កន្លែង ស្នាក់នៅសម្រាប់ការសិក្សារបស់ជនពិការផងដែរ។ ការប្រកាសផ្តល់នេះធ្វើឡើងតាមរយៈលោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ។

កញ្ញា ធី សុវណ្ណថា បានថ្លែងប្រាប់ Fresh News នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ ការផ្តល់អាហារូបករណ៍ដល់ជនពិការ គឺដើម្បីចូលរួមចំណែក លើកកម្ពស់សិទ្ធិ និងលើកម្ពស់ការយល់ដឹងរបស់ជនពិការនៅក្នុងសង្គមកម្ពុជា។ កញ្ញា បានបន្ថែមថា ការប្រឹងប្រែងរួមគ្នាផ្តល់ការអប់រំដល់ជនពិការ ក៏ជាការចូលរួមចំណែកទម្លុះឧបសគ្គនៃការអភិវឌ្ឍសង្គមកម្ពុជាផងដែរ។

កញ្ញា សុវណ្ណថា បានបញ្ជាក់ថា «ខ្ញុំពិតជារីករាយដែលមានឱកាសចូលរួមចំណែកផ្តល់លទ្ធភាពក្នុងការសិក្សាដល់ជនពិការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរំពឹងថា ការផ្តល់លទ្ធភាពឲ្យជនពិការទទួលបានការអប់រំ មានចំណេះដឹងខ្ពស់ នឹងជួយអភិវឌ្ឍន៍ជីវិតរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ»

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលតែងបានធ្វើសកម្មភាពយ៉ាងសកម្មសម្រាប់ជាប្រយោជន៍ របស់ជនពិការនោះ បានបង្ហាញក្តីរំភើបចិត្ត និងគាំទ្រពេញទំហឹង ចំពោះសកម្មភាពប្រកបដោយមេត្តាធម៌របស់កញ្ញា ធី សុវណ្ណថា ក្នុងការផ្តល់ឱកាសឲ្យជនពិការទទួលបាន ការអប់រំបែបនេះ។ លោក ឯម ច័ន្ទមករា ក៏បានបង្ហាញក្តីរំពឹងថា នឹងសម្បុរសជនមានចិត្តសម្បុរសកាន់តែច្រើនទៀតនឹងរួមគ្នាផ្តល់ឱកាស ដល់ជនពិការទាំងការសិក្សា ក៏ដូចជាការផ្តល់ឱកាសការងារផងដែរ។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ធ្លាប់បានប្រកាសផ្តល់អាហារូបករណ៍រហូតទៅដល់ ១ពាន់កន្លែងដល់សិស្សក្រីក្រនៅកម្ពុជា ហើយចង់បន្តចាប់យកការ សិក្សានៅថ្នាក់មហាវិទ្យាល័យ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: social news local news