បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានចាប់បញ្ជូន បុរស់ម្នាក់ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ពីបទរំលោភទំនុកចិត្ត បន្ទាប់ពីកម្លាំងជំនាញ បានទទួលពាក្យ បណ្តឹងពីជនរងគ្រោះ ដែលជន សង្ស័យបាន ប្រព្រឹត្តយកទ្រព្យសម្បត្តិ ពីជនរងគ្រោះទៅលក់ និងបញ្ចាំកន្លងមក ។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះហើយ កម្លាំងយើងបាន ចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ ឆែម ស៊ីមហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។ ចំណែកជនរងគ្រោះមានអាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ។
លោក ឡាច ប្រុស បានបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់ មានទំនាក់ទំនងស្នេហាគ្នា ជាមួយជនរង គ្រោះបាន ជាង១ឆ្នាំមកហើយ ជនសងស្ស័យតែងតែលួងលោមនាងរងគ្រោះ ដោយបានខ្ចីទូរស័ព្ទ ខ្សែក យកទៅបញ្ចាំ និងលក់យកលុយចាយ អស់ជាច្រើនលើក ។ ក្រោយមកនាងបានដឹងថា ជនសង្ស័យមានប្រពន្ធ ហើយក៏បាន ផ្តាច់ទំនាក់ទំនងគ្នាបានមួយរយៈ ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ជនសង្ស័យបានទូរស័ព្ទ ហៅ នាង ឲ្យមកជួបគ្នានៅផ្ទះសំណាក់ the world ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយសារ តែធ្លាប់មានសម្ព័ន្ធស្នេហាជាមួយគ្នាកន្លងមក នាងក៏ព្រមមកជួប ពេលមកដល់ជនសង្ស័យ បានលួងលោម នាងសុំខ្ចីទូរស័ព្ទ របស់នាងម៉ាក galaxy tab ១គ្រឿងយកទៅបញ្ចាំ យកប្រាក់បង់ថ្លៃផ្ទះសំណាក់ និងថ្លៃហូបចុក ដោយសន្យាថា ល្ងាចនិងលោះសងវិញ តែជាក់ស្តែងជនសង្ស័យ មិនបានសងនាងវិញទេ គ្រាន់តែជា ការឆបោក ប៉ុណ្ណោះ ។ ក្រោយមកនាង ក៏បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យជំនាញ កងរាជអាវុធ ហត្ថខេត្តឲ្យជួយ អន្តរាគមន៍ ។ បន្ទាប់ពីបានទទួលពាក្តបណ្តឹង ហើយកម្លាំងជំនាញ បានចុះឃាត់ខ្លួន ជនសង្ស័យ បាននៅវេលា ម៉ោង១០ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងនាំ យកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោម យកទូរស័ព្ទនាងរងគ្រោះ ទៅបញ្ចាំគេដោយ មានបំណងមិនសងនាវិញពិតប្រាកដមែន។
បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅតុលាការខេត្ត នៅរសៀលថ្ងៃទី២៨ ខែមេសានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល