CamNews

ព័ត៌មានជាតិ 

Update: កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងបន្តប្រតិបត្តិការ ស្វែងរកកីឡាករ អុំទូក២នាក់

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ ខណ:ដែលកម្លាំងសមត្ថកិច្ច ជាច្រើន បាននិងកំពុងចេញប្រតិបត្តិការ ស្វែងរក ក្រោយពេលទូក ង របស់ជនរងគ្រោះ បុកជាមួយ ទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង ពេលដែលកំពុងសណ្តោង យកមកអុំប្រណាំងសាកល្បងនៅព្រឹកនេះ។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ដែលនៅលើទូក នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយនៅពេលនេះកម្លាំងប្រតិបត្តិការ បានចេញជួយស្វែងរកជាច្រើន អូប័រ។

សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។

លោក គួច ចំរើន បានបញ្ជាក់ថា ពេលសណ្តោង មកប្រណាំង សាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍ បណ្តាលឲ្យលិច ហើយមានកីឡាក ដែលនៅលើទូកនោះចំនួន៩នាកល ហើយបាត់ខ្លួន២នាក់។

សូមបញ្ជាក់ថា ករណីលិចទូកនេះ បានកើតឡើង ស្របពេលដែលអភិបាលរាជធានីភ្នំពេញ បាននិងកំពុងដឹកនាំមន្រ្តី រៀបចំពិធីក្រុងពលី នៅរមនីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សម្រាប់ពិធីបុណ្យអុំទូក។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អាជ្ញាធរមានវិធានការដូចម្តេចចំពោះទូកទេសចរណ៍ ដែលបង្កគ្រោះថ្នាក់នោះឡើយ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh