CamNews

ព័ត៌មានជាតិ 

តូចចិត្តនឹងប្រពន្ឋ ចុះចោល ចងកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ បានសម្រេចយកខ្សែភ្លើង ចងកធ្វើអត្ដឃាត បង្កឱ្យភ្ញាក់ផ្អើល នៅម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ១៦៩ស្ទួន បន្ទប់ជួលលេខ៥ ជាន់ទី១ ក្រុមទី៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ខាន ពៅ អាយុ៣៥ឆ្នាំ មានស្រុក កំណើត ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមអ្នកស្នាក់នៅក្បែរបន្ទប់របស់ ជនជនរងគ្រោះ  បាននិយាយថា ជនរងគ្រោះ និងប្រពន្ឋ ទើបតែ​មកជួលស្នាក់នៅ បានរយៈពេល២ខែប៉ុណ្ណោះ ប៉ុន្តែរយៈពេល ៣ថ្ងៃមកនេះ ប្រពន្ឋជនរងគ្រោះ បានចាកចេញចោលគាត់។

ប្រភពបានបន្ដទៀតថា ការចងក សម្លាប់ខ្លួនរបស់ជនរងគ្រោះ សង្ស័យតែតូចចិត្តនឹងប្រពន្ធ ចាកចោល ហើយ នៅតែម្នាក់ឯង ទើបចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ ដោយខ្សែភ្លើងចងភ្ជាប់ នឹងកង្ហាពិដានផ្ទះតែម្ដង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលឆោឡោឡើងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចបច្ចេកទេស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅដល់កន្លែង កើតហេតុត្រួតពិនិត្យនិងធ្វើ កោសល្យ​វិច័្ចយឃើញថា ជនរងគ្រោះពិតជាបានចងកធ្វើអត្ដឃាតពិតប្រាកដមែន រួចហើយសមត្ថកិច្ច បានប្រគល់សាកសពឱ្យ ក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP