កោះកុង ៖ ប្រជាពលរដ្ឋ មួយគ្រួសារបាន ធ្វើដំណើរពីខេត្ដព្រះវិហារ ដើម្បីមកទេសចរណ៍ នៅខេត្ដ កោះកុង ដល់ពេលវិលត្រឡប់ទៅវិញ ក៏ចូលទៅអាហារដ្ឋាន មួយ ដើម្បីទិញផ្លែដូងហូប ដល់ពេលទិញ ដូងបានហើយ ឡើងទៅលើរថយន្ដរបស់ខ្លួន ដើម្បីចេញដំណើរត្រឡប់ទៅវិញ ស្រាប់តែបាត់កាបូប ធ្វើឱ្យ មានការឆោរឡោឡើង ដោយនៅក្នុងការបូបនោះ មានប្រាក់ដុល្លារចំនួន១២៥០០ដុល្លារ កងដៃ ពេជ្រចំនួន៣វង់ ចិញ្ជៀនពេជ្រចំនួន ១វង់ ទូរស័ព្ទដៃចំនួន ២គ្រឿង ។
ម្ចាស់ការបូបជាជនរងគ្រោះ ស្រែកយំយ៉ាងខ្លាំងដោយស្ដាយ របស់ដែលជាញើសឈាម ខំរកជាយូរ ណាស់មកនោះ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅអាហារដ្ឋានមួយ យីហោ សាយងៀម ឃុំតាតៃ ស្រុកកោះកុង ខេត្ដកោះកុង ។ ជនរង គ្រោះជាម្ចាស់ទ្រព្យមាន ឈ្មោះ ឈៀង ស៊ីណាត ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅខេត្ដព្រះវិហារ ។
លោក ស៊ុន ឃៀម អធិការនគរបាល ស្រុកកោះកុង បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី៥ ខែមករា នេះថា ដោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះពីបញ្ហាការបាត់របស់ ដែលមានទឹកប្រាក់ ច្រើន លោកក៏បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយចាប់ផ្ដើមរុករក នៅជុំវិញអាហារដ្ឋាន នេះ ហើយលោកធ្វើការស៊ើបសង្កេត ទៅតាមជំនាញ ក្រោមបទបញ្ជាពីលោកស្នងការ ដើម្បីស្វែងរក ទ្រព្យ សម្បត្ដិរបស់ជនរងគ្រោះ ឱ្យឃើញរួច ប្រគល់ទៅឱ្យគាត់វិញ ។
លោកអធិការបានបន្ដថា ដោយមានការខិតខំប្រឹងប្រែង របស់សមត្ថកិច្ច នៅវេលាម៉ោង ១៖៣០នាទី ថ្ងៃដដែល សមត្ថកិច្ច បានរកឃើញការបូបនោះ ស្ថិតេនៅក្រោមផ្ទះនេះ ហើយទ្រព្យសម្បត្តិជនរងគ្រោះ នៅគ្រប់ទាំងអស់ ដោយពុំមានបាត់អ្វីនោះទេ ។ លោកបានបញ្ជាក់ថា ក្រោយពីឆែកឆេរនៅក្នុងកាបូប ឃើញទ្រព្យ គ្រប់ចំនួន ហើយលោកបានប្រគល់ជូនទៅឱ្យម្ដាយបង្កើតជនរងគ្រោះវិញ ពីព្រោះម្ចាស់ ទ្រព្យ ទន់ដៃជើង។ ដោយបានឃើញទ្រព្យគ្រប់ចំនួនបានមកវិញ ដោយមិននឹកស្មានថា សមត្ថកិច្ច រកឃើញហើយរហ័សទៀត ។
ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា កន្លងមកលោកអធិការ បានបង្ក្រាបបទល្មើស ជាច្រើន ករណី ក្រោយពេលទទួលព័ត៌មាន ពីប្រជាពលរដ្ឋទោះ យប់ ឬថ្ងៃ គឺលោកចុះជួយអន្ដរាគមន៍ទាន់ពេល វេលាជានិច្ច ដោយមិនគិតពីការលំបាកឡើយ ហើយមិឱ្យជនល្មើសរត់រួចឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល