អតីតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀង មានសំនៀងក្រអួនក្រអៅ នៅតែស្ថិតនៅក្នុងដួងចិត្ដរបស់អ្នកគាំទ្រជានិច្ច ។ ការគាំទ្រនេះ សម្រេចបាន ពីទេពកោសល្យសម្ដែង និងទឹកដមសម្លេង ដ៏ពិរោះ រណ្ដំដួងចិត្ដរបស់នាង ក្នុងសោតិន្រ្ទិយារម្មណ៍របស់ទស្សនិកជន ។ មិនតែប៉ុណ្ណោះ កញ្ញា ក៏ជាតារាចម្រៀងមួយរូប ដែលមានអត្តចរិកស្លូបូត រួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ ព្រមទាំងចូលចិត្ដសាងអំពើល្អផងដែរ ។
ជាក់ស្ដែង នាពេលថ្មីៗនេះ កញ្ញាបានឆ្លៀតពេលពីការងាររវល់ ដើម្បីនាំក្រុមគ្រួសារ ទៅធ្វើអំពើជាកុសល ដោយបានប្រគេនទេយ្យទាន ដល់ព្រះសង្ឃ នៅអារាមរហូតដល់ទៅ ៣កន្លែង ដែលនេះ ជាការបង្ហាញឱ្យឃើញថា តារាចម្រៀងរូបនេះ ចូលចិត្ដប្រើពេលវេលាឱ្យមានតម្លៃដោយការសាងអំពើបុណ្យបែបនេះ ខណៈដែល តារាមួយចំនួន ប្រើពេលវេលា ដើម្បីរិះគន់គ្នាយកល្បី និងអួតទ្រព្យជាដើម ។
កញ្ញា មាស សុខ សោភា បានសរសេរបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាថា៖ “ថ្ងៃនេះថ្ងៃសីល នាងខ្ញុំនិងក្រុមគ្រួសារបានទៅវត្តប្រគេនចង្ហាន់ និងគ្រឿងបរិភោគផ្សេងៗ បានបីរវត្តដែរ។ សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសំណាងល្អ សុខភាពល្អ និងមានក្ដីសុខច្រើនៗគ្រប់ៗគ្នា សាធុៗៗ” ៕
អត្ថបទ៖ សារ៉ាត