ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារកម្មករទាំងអស់ ដែលបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នាព្រឹក មិញនេះ នៅក្នុងខេត្តស្វាយរៀង ហើយក៏បានជូនពរ អ្នករងរបួសឲ្យបានឆាប់ជាផងដែរ ។
ការប្រកាសចូលរួមរំលែកមរណទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងភ្លាមៗ ខណៈដែលសម្តេច កំពុងថ្លែង សុន្ទរកថា ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ។
បើតាមប្រសាសន៍ បញ្ជាក់របស់សម្តេចតេជោបានឲ្យដឹងថា ក្រោយទទួលដំណឹង ដ៏ក្រៀមក្រំនេះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា លោកស្រី ម៉ែន សំអន ដែលជាប្រធានគណៈពង្រឹងការងារ ប្រចាំខេត្ត ស្វាយរៀង ក៏បានសុំអនុញ្ញាតចាកចេញពីកម្មវិធីភ្លាមៗ ដើម្បីទៅចូលរួមដោះស្រាយបញ្ហានេះ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែធ្ងន់ធ្ងរទៅៗ ដែលទាមទារ ឲ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ឲ្យបានកាន់តែតឹងរឹងថែមទៀត។ ដើម្បីធ្វើឲ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានធូរស្បើយ សម្តេចបានស្នើឲ្យមានការចូលរួមទាំងអស់គ្នា បើចូលរួមតែ ៩០ភាគរយ ហើយ ១០ភាគរយ មិនចូល រួម ក៏មិនអាចជួយស្រោចស្រង់ ស្ថានភាពគ្រោះថ្នាក់នេះ ឲ្យបានល្អប្រសើរនោះដែរ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡើងដោយរថយន្តក្រុង ដឹកអ្នកដំណើរកម្ពុជា-វៀតណាម បានបុក រថយន្តដឹកកម្មករ បណ្តាលឲ្យកម្មករ១៥នាក់ស្លាប់ រដូករណែលពេញដងផ្លូវយ៉ាងសង្វេគជាទីបំផុត ខណៈកម្មករជា ច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ដោយអ្នកខ្លះ មានសង្ឃឹមតិចតួច ក្នុងការ ស្រោចស្រង់ជីវិត ។
គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោងជិត ៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ស្នងការនគរបាល ខេត្តស្វាយរៀង លោក គឹង ឃន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា កម្មករ ដែលរងរគ្រោះថ្នាក់នេះ ស្លាប់ ១៥នាក់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅ សង្រ្គោះនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជន ខណៈខ្លះទៀត បញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម។ បើតាមលោក គឹង ឃន នៅក្នុងរថយន្តដឹកកម្មករ ផ្ទុកកម្មករជាង ៣០នាក់ ។
រថយន្តក្រុង ដែលបុករថយន្តដឹកកម្មករ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជា-វៀតណាម 15SH ។ ក្រុមហ៊ុនដឹកអ្នក ដំណើររបស់វៀតណាម មានទីតាំង ស្ថិតនៅជាប់របងពហុកីឡដ្ឋានជាតិអូឡាំពិក ក្បែងកន្លែងលក់ផ្លែឈើចាស់ ។
បើតាមសមត្ថកិច្ចគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តក្រុង ដែលធ្វើដំណើរមកពីប្រទេសវៀតណាម ឆ្ពោះមករាជធានី ភ្នំពេញ ក្នុងល្បឿនយ៉ាងលឿននោះ បានបើកជែង ហើយទៅចំណែកផ្លូវរថយន្តដឹកកម្មករ ដែលបញ្ច្រាសទិស រួច បុកពេញទំហឹងលាន់ឮដូចរន្ទះ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល