CamNews

ព័ត៌មានជាតិ 

ញាក់សាច់! អនុប្រធាន​បេឡាជាតិ​របបសន្តិសុខ​សង្គម​ខេត្តកំពង់ចាម បើករថយន្តបុក​ជាមួយ​រថយន្តយីឌុប

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ​ និងស្ទើរតែមិនដែលធ្លាប់កើតមាន ទាល់​តែសោះនៅក្នុងខេត្តព្រៃវែង គឺបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត បាន​ដាច់ក្បាលចេញពីខ្លួនបាត់ ដោយសារតែបើករថយន្តឆ្លាម ទៅបុកជាមួយរថយន្តយីឌុប ដែលបើកមកបញ្ច្រាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះសូ សុធា អាយុ៣២ឆ្នាំមានទីលំនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម។

មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-5813  ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តជនរងគ្រោះបានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃទៅ បុករថយន្តយីឌុប១គ្រឿងផ្សេងទៀតដែលបើកមកបញ្ច្រាស់ទិសគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A-1005 បណ្តាលឲ្យរថយន្តទាំង២ បុកគាបរួញក្បាលទាំងសងខាង ចំណែកជនរងគ្រោះ សូ សុធា មិនដឹងថាត្រូវនឹងអ្វីនោះទេ ស្រាប់តែឃើញដាច់ក្បាលធ្លាក់ចេញពីខ្លួនបាត់ទៅហើយហើយនៅក្នុងរថយន្តនោះមិនមានអ្នកផ្សេងជិះរួមដំណើរនោះទេ។

ដោយឡែកអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយដែលប៉ះទង្គិចគ្នានោះក្រោយកើតហេតុភ្លាម បានរត់គេចខ្លួនបានស្រមោលភ្លាម បន្សល់ទុកតែរថយន្តនៅ នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុភ្លាម ហើយបានទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះទៅទទួលយកសាកសព ជនរងគ្រោះភ្លាមៗផងដែរ ចំណែករថយន្តទាំង២ត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិរដ្ឋបាលឃុំជ្រៃ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh