ភ្នំពេញ : សព្វថ្ងៃនេះ មានមនុស្ស ជាច្រើនកំពុង យកការធ្វើអត្តឃាត ខ្លួនឯង ដើម្បី មកដោះស្រាយ បញ្ហាគ្រួសារ និងបញ្ហាផ្ទាល់ខ្លួន ហើយ ភាគច្រើនកើតចេញ ពីបញ្ហាស្នេហា និងការឈ្លោះប្រកែក គ្នាក្នុង បន្ទុកគ្រួសារ ។ ជាក់ ស្តែងដូចហេតុការណ៍ភ្ញាក់ ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០ នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារបុរស ម្នាក់យកខ្សែមកចងក ធ្វើអត្តឃាតខ្លួនឯង នៅក្នុង បន្ទប់ផ្ទះ ជួលលេខ៨ ស្ថិតនៅក្រុមទី២ ភូមិដំណាក់ធំទី៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន ស្លាប់យ៉ាងអាណោច អាធ័ម ។
នគរបាលប៉ុស្តិ៍ស្ទឹង មានជ័យ បានឲ្យដឹងថា បុរសម្នាក់ដែល គិតខ្លីខាងលើនេះមានឈ្មោះ សែម សី អាយុ ២២ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានមុខរបរកម្មកររោងចក្រកាត់ដេរ ។
យោងតាមសំដីពីឈ្មោះ ជុត យ៉ន អាយុ ២០ឆ្នាំ ភេទប្រុស ត្រូវជាបងប្អូន ជីដូនមួយជនរងគ្រោះ បានឲ្យដឹងថា កាលពី២ទៅ ៣ខែកន្លងមកនេះ ឈ្មោះ សែម សី បានលែងលះ ជាមួយប្រពន្ធ និងមិនទាន់មាន ការងារធ្វើ ហើយដោយសារ តែ រូបគេផឹកស្រាច្រើនពេក រហូតមកដល់ល្ងាចថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៣ នេះ ជនរងគ្រោះ រួមបងប្អូនជីដូន និងមិត្តភ័ក្រ៣ទៅ៤នាក់មកអង្គុយផឹកស៊ី នៅក្នុងបន្ទប់ រហូតដល់ម៉ោង ៧ទៅ៨យប់ ទើបបែកផ្លូវគ្នា ចេញមក អង្គុយជជែកគ្នាលេង នៅលើចិញ្ចើមផ្លូវបេតុងខាងមុខ បន្ទប់ផ្ទះជួល ហើយជនរងគ្រោះផឹកស្រវឹង បាននិយាយរំលឹក កាលពីខ្លួនរួមរស់ជាមួយប្រពន្ធ ។ ខណ:រូបគេនិយាយហើយ ក៏បានដើរទាំងទឹកមុខស្រងូត ស្រងាត់ចូលទៅ ក្នុងបន្ទប់ចាក់សោរទ្វារផ្ទះ មិនឲ្យអ្នកណាចូលទាំងអស់ សូម្បីតែរូបខ្លួនត្រូវបងប្អូនជី ដូនក៏មិនបើកទ្វារឲ្យចូលដេក ជាមួយដូចធម្មតា ឡើយ ។
ប្រភពដដែលបានបន្ត ដោយជនរងគ្រោះមិនបើកទ្វារ ឲ្យរូបគេក៏សម្រេចដើរទៅដេក នៅផ្ទះបងប្អូនផ្សេង ទៀត លុះព្រឹកឡើងម៉ោង៦និង១០នាទី ព្រឹកថ្ងៃកើតហេតុរូបខ្លួន បានដើរមកដល់ផ្ទះកើត ហេតុនឹងស្រែក ហៅឈ្មោះ សែម សី ឲ្យបើកទ្វារ ប៉ុន្តែទោះបីស្រែកយ៉ាងណាក៏គ្មានប្រយោជន៍ ទើបសម្រេចទៅគាស់បង្អួច ស្រាប់តែប្រទះឃើញឈ្មោះ សែម សី យកខ្សែស្ពាយកាបូបទៅចងក ជាប់នឹងចំរឹងបង្អួច ស្លាប់យ៉ាង អាណោចអាធ័ម មិនដឹងស្លាប់តាំងពីពេលណានោះទេ ។ ភ្លាមៗនោះបង្កឲ្យមាន ការភ្ញាក់ផ្អើល ប្រជាពល រដ្ឋ ជិតខាងនាំគ្នាមករោមមើលនឹងហៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យមើល ដើម្បីចង់ដឹងច្បាស់ ថា ស្លាប់ដោយសារមូលហេតុអ្វីឲ្យបានច្បាស់លាស់។
ក្រោយពីនគរបាល ពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចរាល់ហើយដឹងថា ជនរង គ្រោះប្រាកដជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនមែន ដូច្នេះសមត្ថកិច្ចបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ ដឹងយក ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្ត កំពង់ធំ ។ ជុំវិញករណីមួយនេះ បើតាមការបញ្ជាក់ពី មិត្តភ័ក្ត និងបងប្អូនជីដូនមួយ របស់សាកសពខាងលើនេះ គឺ ជនរងគ្រោះចងកសម្លាប់ខ្លួន ព្រោះតូចចិត្តរឿង ប្រពន្ធលែងលះ និងសព្វថ្ងៃគ្មានការងារ ធ្វើពិតប្រាកដ...៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល