CamNews

តារា 

វីជេ រតនា ​ស្រក់ទឹកភ្នែកដោយសារតែប្រពន្ធ ម្តងទៀតហើយ

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីករ លោកវីជេ រតនា បន្ទាប់ពីបានរៀបការសាងសុភមង្គលស្នេហា ជាមួយភរិយារូបស្រស់ អស់រយៈពេលជាងមួយឆ្នាំមកនេះ ឥឡូវទទួលបានដំណឹងល្អ និងរំភើបបំផុត ខណៈដែលដឹងថា ភរិយារបស់ខ្លួនកំពុងពពោះ មានកូនក្នុងផ្ទៃ រហូតធ្វើឲ្យរូបលោកស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន។

បង្ហោះភ្ជាប់ជាមួយរូបថត៣សន្លឹក ក្រោយទទួលបានលទ្ធផល នៃការធ្វើតេស្តទឹកនោមរបស់ភរិយា តារាប្រុសវីជេ រតនា បានសរសេរថា «ចង់ប្រាប់ថា អារម្មណ៍បងពេលនេះ មិនដឹងហោះហើរទៅណាទេ? គ្រាន់តែដឹងភ្លាម ទឹកភ្នែករលីងរលោង ស្រក់ចុះមកដោយឯកឯង អរគុណណាស់ប្រពន្ធសំឡាញ់ដែលបានធ្វើឲ្យក្តីសុបិនរបស់បង ក្លាយជាការពិតគ្រប់បែបយ៉ាង។ តាំងពីបានស្គាល់អូនរហូតដល់បានចាប់ដៃគ្នា ចូលរោងជ័យ អូនបានដើរតួនាទីជាប្រពន្ធដ៏ល្អ របស់បងអូនបានផ្តល់ក្តីសុខយ៉ាង ពេញលេញឲ្យបង!»

ជាមួយគ្នានេះវីជេ រតនា  បានបញ្ជាក់ទៀតថា «អូនបានធ្វើឲ្យបងរំភើប និងស្រក់ទឹកភ្នែក ដោយសារតែក្តីស្រឡាញ់របស់អូន ជាច្រើនដង។ លើកទី១បងរំភើប ដែលអូនព្រមស្រឡាញ់រូបបង លើកទីពីរ រំភើបព្រោះអូនព្រមរៀបការជាមួយបង លើកនេះរំភើបព្រោះអូនបានឲ្យបងយល់អារម្មណ៍ ពេលជិតក្លាយជាឪពុករបស់គេ ជាតិនេះ បងពិតជាមានសំណាងណាស់ គ្រប់គ្រាន់ហើយសម្រាប់បងជាតិនេះ ស្រឡាញ់អូនណាស់ ភរិយាបណ្តូលចិត្តបង បងប្អូនអើយខ្ញុំជិតក្លាយជាប៉ាប៉ាគេហើយ!»

សូមបញ្ជាក់ថា តារាសម្តែង និងជាពិធីក លោក វីជេ រតនា បន្ទាប់ពីភ្ជាប់ចំណងស្នេហា ជាមួយភរិយារូបស្រស់បានជាងមួយឆ្នាំ លោកក៏បានសម្រេចចិត្តចូលរោងជ័យក្រាបក្បាលដល់កន្ទេល រៀបអាពាហ៍ពិពាហ៍ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីសំណាក់ចាស់ទុំទាំងសងខាង និង ញាតិមិត្ត ព្រមទាំងភ្ញៀវកិត្តិយស ជិតឆ្ងាយជាច្រើននាក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: VJ Rothana