កំពង់ឆ្នាំងៈ យុវជនរងគ្រោះឈ្មោះ រី សុភារិទ្ធ អាយុ ២១ឆ្នាំ មានទីលំនៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុកេលាប្អៀរ ខេត្ត កំពង់ឆ្នាំង បែកក្បាលរងរបួសយ៉ាងដំណំ ត្រូវតុលាការខេត្តកំពង់ឆ្នាំង បន្តឲ្យជាប់ពន្ធធនាគារ ខណៈសមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសនោះ រឿងរ៉ាវខាងលើនេះ ត្រូវបានគេអះអាងថា ព្រះ រាជអាជ្ញាបានបញ្ជូនសំណុំរឿង ទៅឲ្យចៅក្រម ដាក់យុវជនរងគ្រោះឲ្យជាប់ឃុំ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។
សូមបញ្ជាក់ថា ក្រុមក្មេងងស្ទាវចំនួន ២ក្រុម បានវាយតប់គ្នា និងគប់កែវ ខណៈដណ្តើមស្រីស្នេហ៍ ឱបថើបក្នុងក្លឹប កំសាន្ត SH Palace កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ តាមរូបភាពរបស់កាមេរ៉ាសុវត្ថិភាព និងការអះអាងរបស់សន្តិសុខក្លឹប បានបង្ហាញ ថា ដំបូងឡើយមានយុវជនមួយក្រុម មានគ្នាប្រមាណពី ៧ទៅ៨នាក់ និងមួយក្រុមទៀត កំពុងតែផឹកស៊ីនៅក្នុងតុ ដោយមួយក្រុមបណ្តើរស្រីស្នេហ៍ ចូលទៅក្នុងក្លឹបដោយអង្គុយតុក្បែរគ្នា ក្រុមក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណ ៧ ទៅ៨នាក់នោះ បានងើបឡើង មកចាប់កៀកដៃស្រីរូបនោះឱបថើប ទំនងជាស្គាល់គ្នា ឬជាស្រីស្នេហ៍ផងក៏មិនដឹង ទើបបង្ករឿងវាយបតប់គ្នា និងគប់កែវនោះឡើង បណ្តាលឲ្យជនរងគ្រោះ រី សុភារិទ្ធិ ដែលអង្គុយតុក្បែរគ្នា មិនដឹងរឿង អ្វីផងនោះ បែកក្បាលឈាមហូរជោកក្បាល ត្រូវសន្តិសុខគ្រាចេញមកក្រៅ ។ ដោយឡែកក្រុមក្មេងស្ទាវទាំង២ក្រុម ដែលបង្កជម្លោះនោះ ក្រុមសន្តិសុខបានបញ្ជាក់អះអាងថា គេបានឃាត់ខ្លួនបញ្ជូនឲ្យនគរបាល ភ្លាមៗនៅខាងមុខក្លឹប ចំនួន ៤នាក់ ប៉ុន្តែជាក់ស្តែងហេតុការណ៍ខាងលើនេះ នគរបាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ ឆ្នាំង មានតែយុវជន ២នាក់ គឺ ១-ឈ្មោះ សុខ ស្រ៊ី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ២-ឈ្មោះ ឆៃ ហួត អាយុ១៨ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងយុវជនរងគ្រោះ ឈ្មោះ រី សុភារិទ្ធ ផងដែរ ដោយឡែកយុវជន២នាក់ផ្សេងទៀត ក្នុងនោះ ម្នាក់ជាជនដៃដល់ ត្រូវនគរបាលដោះលែង មិនបានកសាងសំណុំរឿងតាមនីតិវិធីឡើយ ។ យុវជន រី សុភារិទ្ធ បច្ចុប្បន្ន មានរបួសជាប់ខ្លួន កំពុងជាប់ពន្ធនាគារ អាចនឹងប៉ះពាល់ដល់សរសៃប្រសាទ បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវនោះ ។
ករណីខាងលើនេះ តុលាការខេត្តកំពង់ឆ្នាំង គួរតែមានវិធានការ និងពិចារណាឲ្យបានត្រឹមត្រូវបើមិនដូច្នោះទេ ជន ដែលគ្មានកំហុស រងគ្រោះបែកក្បាល ហើយបែរជាមានទោសជាប់ពន្ធធនាគារ ពិតជាអយុត្តិធម៌មែន ។ រីឯក្រុមក្មេង ស្ទាវបង្កទំនាស់នៅក្នុងហេតុការណ៍ បែរជារួចខ្លួនដើរសើចក្អាកក្អាយនៅខាងក្រៅទៅវិញ ។
អាណាព្យាបាល ក៏ដូចជាជនរងគ្រោះ បានទទូចសុំឲ្យមានការដោះលែង ជាពិសេស សំណូមពរដល់អភិបាល នៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក្នុងនាមជាគណៈមេបញ្ជាការឯកភាពខេត្ត មេត្តាជួយអន្តរាគមន៍ អំពីរឿងរ៉ាវខាងលើនេះផង ។ ករណីខាងលើនេះលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលកាន់សំណុំរឿងនេះបានឲ្យដឹងថា លោកមិនាទាន់បានត្រួតពិនិត្យសំណុំរឿងនៅឡើយ ដោយចំថ្ងៃឈប់សម្រាក ម្យ៉ាងវិញទៀត នគរបាលកសាងសំណុំរឿង បញ្ជូនមកតុលាការ ត្រូវតែឃុំខ្លួនបណ្តោះអាសន្នសិនហើយ ។
ដោយឡែកអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានឲ្យដឹងថា លោកនឹងអន្តរាគមន៍អំពី បញ្ហារឿងនេះ ដោយចាត់អភិបាលរងខេត្តមួយរូប ទទួលបន្ទុកដើម្បីដោះស្រាយជាមួយស្ថាប័នតុលាការ លោកក៏បាន ចាត់ការផងដែរ ដោយឲ្យខាងពន្ធធនាគារពិនិត្យលើរបួសស្នាម បើករណីធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ ។
មជ្ឈដ្ឋានទូទៅ ក៏ដូចជាអាណាព្យាបាល មានការរិះគន់យ៉ាងខ្លាំង លើស្ថាប័ននគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ ខណៈជនបង្ករួចខ្លួន ឯជនរងគ្រោះដេកគុក ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល