កាលពីម្សិលមិញសារមន្ទីរជាតិ បានដាក់បង្ហាញគ្រឿងអលង្ការខ្មែរបុរាណពីសម័យអង្គរ ដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ពីចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។
កាលពីម្សិលមិញ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស សម្រាប់ប្រគល់គ្រឿងអលង្ការមាស និងសហគមន៍អន្ដរជាតិដទៃទៀត ដែលបានសហការ គាំទ្រ និងយល់ដឹងពីសារៈសំខាន់នៃការវិលត្រឡប់នៃវត្ថុបុរាណ។
អ្នកស្រី សំអន បានមានប្រសាសន៍នៅពេលបើកការតាំងពិព័រណ៍នេះថា៖ «វត្ថុបុរាណនេះបង្ហាញពីអរិយធ៌មដ៏យូរអង្វែង របស់ប្រទេសកម្ពុជា ដែលជាអតីតចក្រភពនៅអាស៊ី»។
គ្រឿងអលង្ការមួយចំនួននៅអង្គរបុរាណ ដូចជាខ្សែក ក្រវិល មកុដិ ខ្សែក្រវ៉ាត់ និងខ្សែដៃ បានត្រលប់មកកម្ពុជាវិញនៅថ្ងៃទី ០២ ខែធ្នូ។
អ្នកស្រី សំអន ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីការពារវត្ថុបុរាណនៅសារមន្ទីរជាតិ ដើម្បីជួយប្រទានពរដល់ប្រទេសកម្ពុជា សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា សម្រាប់ការតាំងពិព័រណ៍ពិសេសនេះ ក្រសួងក៏បានជ្រើសរើសគ្រឿងអលង្ការមាស និងប្រាក់ដែលសារមន្ទីរជាតិបានទទួលពីម្ចាស់ជំនួយនិងពីការជីក ដែលធ្លាប់ត្រូវបានរក្សាទុកក្នុងឃ្លាំងសន្ដិសុខ។
លោកជំទាវ បាននិយាយថា៖«យើងមានគ្រឿងអលង្ការមាសនិងប្រាក់បុរាណតិចតួច ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ដូច្នេះវត្ថុបុរាណទាំងឡាយ ដែលយើងបានទទួល និងរកឃើញក្នុងការជីករុករក ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍នេះ ដើម្បីអប់រំប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស»។
លោក William Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលគ្រឿងអលង្ការមាសហើយដាក់បង្ហាញវា។
លោកបានមានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ លើគ្រប់វិស័យទាំងអស់ រួមទាំងវប្បធម៌ផងដែរ»។
ពិព័រណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី ០៣ ខែកុម្ភៈ ៕
ប្រភព៖ Khmertimes