ព្រះសីហនុ៖ សមិទ្ធិផលថ្មីស្រឡាងមួយទៀត បានផុសឡើងនៅលើ តំបន់អភិវឌ្ឍទីក្រុងកំពង់ផែកែវផុស គឺគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ដែលសមិទ្ធិផលនេះ នឹងចូលរួមក្នុងការជំរុញ ឲ្យគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យសំរេចបានជោគជ័យ ក្នុងការ កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ។
អធិរាជកសិកម្មប្រចាំស្រុកខ្មែរ លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធិសភា និងលោកស្រី ម៉ែន សុន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ បានអញ្ជើញចូលរួមកម្មវិធី សម្ពោធដាក់អោយដំណើរការគ្លីនិកទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង និងប្រគល់វិញ្ញាបនប័ត្រ ជូនដល់សិក្ខាកាម ចំនួន១៥១នាក់ នៃសាលាកសិ-កម្មឧកញ៉ា ម៉ុង ឫទ្ធី ក្រោយពីបានបញ្ចប់ការសិក្សា ដោយជោគជ័យ ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម តាមរបាយការណ៍បានឲ្យដឹងថា គ្លីនិកនេះបានចំណាយថវិកា សាងសង់ប្រមាណជាង ២០ម៉ឺនដុល្លា ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយដំណើរការសាកល្បងប្រមាណ ២ទៅ៣ខែមកហើយ ក្នុងនោះក៏មានវេជ្ជបណ្ឌិតចំនួន២នាក់ និងបុគ្គលិកប្រមាណ១០នាក់ផ្សេងទៀត កំពុងបំរើការងារក្នុងគ្លីនិកនេះផងដែរ ។
លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ក្នុងឱកាសនោះថា លោកវេជ្ជបណ្ឌិត ដែលព្យាបាលអ្នកជំងឺក្នុងគ្លីនិកនេះ មិនត្រូវ ប្រកាន់និន្នាការនយោបាយ លោកសង្ឃ យាយជី តាជី និងប្រជាពលរដ្ឋដែលក្រីក្ររនោះទេ ត្រូវតែព្យាបាលទាំងអស់គ្នា ដោយមិនទុកឲ្យអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារតែអត់ថវិកាព្យាបាលនោះទេ ហើយបើអ្នកមិនមានថវិកា ត្រូវមកយកថវិកា របស់លោកឧកញ៉ាផ្ទាល់ ដែលបានតម្កល់ ក្នុងមូលនិធិរបស់គ្លីនិក ។ ក្នុងឱកាសចូលត្រួតពិនិត្យ មើលអគារគ្លីនិកនេះ
លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានផ្តល់ថវិកាចំនួន ៥ម៉ឺនរៀល ដល់អ្នកជំងឺ ដែលកំពុងសំរាកព្យាបាល ក្នុងគ្លីនិកនេះផងដែរ ។
សូមបញ្ជាក់ថា លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានផ្តល់មូលនិធិចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ខែដល់គ្លីនិកមួយនេះ សំរាប់ដំណើរការការងាររបស់ខ្លួន ហើយក្នុងនោះ ក៏មានសប្បុរសជនជាច្រើនផ្សេងទៀត ក៏បានចូលរួមផ្តល់ថវិកា ដល់មូលនិធិគ្លីនិកនេះផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល