រតនគិរីៈ អំពើហឹង្សា ក្នុងគ្រួសារមួយ បានកើតឡើង រវាងប្តីដើម-ប្តីចុង និងប្រពន្ធរឿងនាំ កូនស្រីទៅភ្នំពេញ ទីបំផុត ប្តីដើមត្រូវស្លាប់ ក្នុងមន្ទីរពេទ្យ រីឯប្តីចុងរួចផុត ពីសំណាញ់ច្បាប់ ។
សេចក្តីរាយការណ៍ ពីគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ប្រាប់ឲ្យដឹងថា បុរសម្នាក់រងរបួស ដោយអំពើហឹង្សា ក្នុងគ្រួសារកាល ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នោះបានបាត់បង់ជីវិតហើយ ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ ស្ថិតក្នុងមន្ទីរពេទ្យ។
ប្រភពបានបន្តថា បុរសរងគ្រោះមានឈ្មោះ ជា សំអូន ហៅក្រឹម អាយុ៤០ឆ្នាំ មុខរបរ បើក រថយន្ត ដោយ កាលពីថ្ងៃទី១១ ខែមិថុនា បានទទួលរងរគ្រោះ ដោយការវាយដំពីសំណាក់ បុរសម្នាក់ ទៀត(ប្តីចុង) របស់ អតីតប្រពន្ធដោយសារ តែគាត់ទៅរករឿង គេដល់បន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក។ ប្រភពបន្តឲ្យដឹងទៀតថា ស្ត្រីឈ្មោះ ប៊ុន វាសនា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់បានរួមរស់ជាប្តី-ប្រពន្ធ ជាមួយជនរងគ្រោះអស់រយៈពេល៤ឆ្នាំ កន្លងមកហើយរហូត បានកូនស្រីមួយអាយុ៣ឆ្នាំ។ ប៉ុន្តែការរស់នៅជាប្តី-ប្រពន្ធ ពួកគាត់មានការរកាំរកូសជានិច្ចមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ លុះរយៈកាល៣-៤ខែ កន្លងមកនេះ អ្នកទាំង២ បានសុខចិត្តលែងលះគ្នា។ ទោះបីលែងលះគ្នា ចែកផ្លូវគ្នាដើររៀងៗខ្លួនក៏ដោយ ប៉ុន្តែជនរង គ្រោះតែងតែចុះឡើងសួរសុខទុក្ខគ្នាជានិច្ច (មិនស្នាក់នៅជាមួយគ្នា)។ លុះក្រោយមកមិនយូរប៉ុន្មានស្ត្រីឈ្មោះ ប៊ុន វាសនា បានទាក់ទងស្រលាញ់គ្នាជាមួយបុរសម្នាក់ផ្សេងទៀត ឈ្មោះ ពៅ ប្រុស អាយុ៣៥ឆ្នាំ ធ្វើជាប្តីចុង រស់នៅជាមួយ គ្នានៅផ្ទះជួល ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ។
គួររំលឹកផងដែរថា នៅយប់ថ្ងៃកើតហេតុបុរសជាប្តី ដើមបានមកផ្ទះ អតីតប្រពន្ធរបស់ខ្លួន ដើម្បីនាំកូន ស្រីអាយុ ៣ឆ្នាំ ទៅភ្នំពេញ តែស្ត្រីអតីតប្រពន្ធ បានបដិសេធន៍ថា មិនឲ្យយកទៅនៅពេលយប់ទេរងចាំស្អែកសិន ចាំមក យក ។ ដោយមានអាការៈស្រវឹង អតីតប្តីរូបនោះបានផ្ទុះសម្តីធំៗ ទំនងរាលដាលដល់ប្តីក្រោយ បណ្តាលឲ្យផ្ទុះ អំពើហឹង្សាតែម្តង។ ក្រោយកើតហេតុអតីត ប្តីស្ត្រីរូបនោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតាំងយប់ពីថ្ងៃទី១១ ខែមិថុនា មកម្លេះ ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេករហូតដល់ថ្ងៃទី១៤ ខែមិថុនា ក៏បានបាត់បង់ជីវិតទៅ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត លោកស្រី ជ័យ មាលា បានប្រាប់អ្នកសារពត៌មានតាមទូរស័ព្ទកាលពីថ្ងៃទី១៤ ខែមិថុនា នេះថាជនរងគ្រោះឈ្មោះជា សំអូន មានស្ថានភាពស្រវឹង និងមានសារធាតុញៀនក្នុងខ្លួនផង ទើប លោក ស្រីមិនបានចោទ ប្រកាន់ទៅលើជនសង្ស័យជាធម្មានុរូប។ លោកស្រីបន្តថា ហេតុផលនៃការប្រើអំពើ ហឹង្សា ក៏ដោយសារតែជនរងគ្រោះ បានទៅរករឿងជនសង្ស័យដល់ផ្ទះ មូលហេតុទៅយកកូនស្រីពីប្រពន្ធដើម ដើម្បីយកទៅភ្នំពេញ ហើយប្រពន្ធក៏យល់ ព្រមតែចាំស្អែកមកយកកូនស្រីនោះចុះ ប៉ុន្តែជនរងគ្រោះមិនព្រម ក៏ផ្ទុះអំពើហឹង្សាតែម្តង។ ឥឡូវជនរងគ្រោះក៏បានស្លាប់ លោកស្រីក៏បានដាក់វិធាការ ស៊ើបសួរបន្តទៅទៀត ប្រសិនបើមានមូលដ្ឋានដើម្បីដាក់ទំម្ងន់ទោសទៅលើជនសង្ស័យឫយ៉ាងណានោះ។
លោកស្រី ជ័យ មាលា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី បញ្ជាក់ឲ្យដឹងទៀតថា ការដោះលែងជន សង្ស័យដោយមានការ ដំកល់ប្រាក់មួយចំនួន សំរាប់ចាប់វិធានការទៅតាមច្បាប់ផងដែរ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល