ភ្នំពេញ ៖ យុវជនម្នាក់ ជាសិស្សសាលា ត្រូវបានជនបង្កមិនទាន់ស្គាល់អត្ដសញ្ញាណ កាប់ប្រហារ ពីក្រោយបណ្ដាលឱ្យ ធ្លាក់ពីលើ ម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៥នេះ ស្ថិតនៅទល់មុខ សភាពាណិជ្ជកម្ម តាមបណ្ដោយផ្លូវសហព័ន្ធ រុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូពីក្រោយមិត្ដភក្ដិ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុ បានឱ្យដឹងថា ជនរងគ្រោះអាយុជាង ២០ឆ្នាំ ជាប្រភេទក្មេងស្ទាវ សិស្សសាលា បានជិះម៉ូតូជាមួយមិត្ដភក្ដិរបស់ខ្លួន ម៉ាកហុង ដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PR-8540 ក្នុងទិសដៅពីកើតទៅលិច ដោយជនរងគ្រោះ ជិះពីក្រោយ ស្រាប់តែពេលជិះដល់មុខសភាពាណិជ្ជកម្ម ក៏លេចមុខជនបង្កជិះម៉ូតូពីក្រោយកាប់ នឹងកាំបិតបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយកាប់ប្រហាររួចជនបង្ក ទំនងជាសិស្សសាលា ដូចគ្នានិងមាន គំនុំនោះ បានបើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព រីឯសមត្ថកិច្ចបាន ហៅមិត្ដភក្ដិជនរងគ្រោះ ដែលជា ឌុបយកទៅសួរនាំ ដើម្បីចង់ដឹងពីដំណើររឿង តាមចាប់ជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល