កោះកុង ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាន ខេត្ដកោះកុង បានបើកប្រតិបត្ដិការ ចុះបង្ក្រាបទីតាំងម៉ាស្សា ២កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។ ប្រតិបត្ដិការនេះត្រូវបានធ្វើឡើង តាំងពីព្រឹករហូតដល់ ម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ទី៥ ខែមីនា ឆ្នាំ២០១៤ ទើចប់ ហើយបាន ឃាត់ខ្លួន មនុស្សចំនួន១០នាក់ ក្នុងនោះមានប្រុសម្នាក់ ជាស្រីម៉ាស្សា រកស៊ីផ្លូវភេទ ៦នាក់ ម្ចាស់ និងប្ដី២ នាក់ សុទ្ធជាជនជាតិ វៀតណាម ។
ការចុះប្រតិបត្ដិការនេះមានដឹក នាំដោយលោក វរសេនីយ៍ទោ យឹម ផេង ស្នងការរង និងជាប្រធានការិយាលកណ្តាលប្រឆាំងបទល្មើស នៃ ស្នងការដ្ឋាន នគរបាល ខេត្ដកោះកុង ដោយមានការឯកភាពពីសំណាក់ លោក ស្រី ម៉ាក់នី ព្រះរាជ្ញារង អមសាលា ដំបូងខេត្ដ ព្រមទាំងកម្លាំង នគរបាលជាច្រើនរូបទៀត ។
ការចុះទៅឆែកឆេរ នៅទីតាំងខាងលើ កម្លាំងនគរបាល បានរកឃើញ នូវអាវុធអាកាជាប្រភេទអាវុធបាញ់ គ្រាប់ឃ្លីនិង សម្ភារៈជក់មួយចំនួនទៀត ចំណែកថ្នាំញៀន ត្រូវស្រីម៉ាស្សាចាក់ទឹក ចូលដើម្បីបំបាត់ ភស្តុតាងតែ ក្រោយពីសមត្ថកិច្ច យកទៅធ្វើការពិសោធន៍ ទើបដឹងការពិតៗ ជាចាក់ទឹកបញ្ចូលមែន ។
លោកវរសេនីយ៍ទោ យឹម ផេង ប្រាប់ឱ្យដឹង នៅកន្លែង ចុះប្រតិបត្ដិការថា នៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី៥ ខែមីនា កម្លាំងលោក បានទទួល ព័ត៌មាន ភ្លាមបានទៅធ្វើការឃាត់ខ្លួន បុរសម្នាក់ឈ្មោះ វាង បូ អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម នៅចំណុច មុខវត្ដថ្មីរឹបអូសបានវត្ថុតាង ថ្នាំយ៉ាម៉ា ចំនួន៣គ្រាប់ ម៉ាទឹកកកចំនួន១កញ្ចប់តូច ពេលនោះ សមត្ថកិច្ច ធ្វើការសាកសួរទើប ដឹងនៅគោលដៅមួយកន្លែងទៀត គឺផ្ទះយាយឌុង ដែលកន្លែងម៉ាស្សា៦៦៦ ជាកន្លែងម៉ាស្សា និងរកស៊ីខាង ផ្លូវភេទផង ។
លោក យឹម ផេង បានបន្ដថា នៅក្នុងការឆែកឆេរ ក្នុងផ្ទះម៉ាស្សាខាងលើនេះ កម្លាំងលោកបាន រកឃើញ អាវុធអាកាចំនួន១ដើម ប្រភេទបាញ់គ្រាប់ឃ្លី ប្រដាប់ជក់ មួយចំនួន ចំណែកថ្នាំញៀន នៅក្នុងកំប៉ុងត្រូវ ស្រីម៉ាស្សាទាំងនោះចាក់ទឹកដាក់ ដើម្បីបំបាត់ភស្តុតាង តែត្រូវសមត្ថកិច្ច ជំនាញយកទៅធ្វើការពិនិត្យ ទើបដឹងថា ពិតជាមានសារធាតុថ្នាំញៀន ពិតប្រាកដមែន ។
លោកបានបន្ដថា ដោយគោរពទៅតាមតួនាទី ជាសមត្ថកិច្ច និងអនុវត្ដ ទៅតាមការ ចង្អុលបង្ហាញពី អគ្គស្នងការ និងលោកស្នងការខេត្ដ ជាពិសេស ការការពារ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅតាម តំបន់កម្លាំង នោះលោកមិនគិតពីការនឿយហត់ឡើយ ឱ្យតែទទួលបានព័ត៌មានពី ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ លោកនិងទៅដល់ទីនោះភ្លាម ដោយមិននៅអែរអង់យូរឡើយ ។
លោកបានបញ្ជាក់ថា មនុស្សទាំង១០នាក់ និងវត្ថុតាងលោកបាននាំមកស្នង ដ្ឋានដើម្បីកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ ៕