CamNews

ព័ត៌មានជាតិ 

ជនជាតិវៀតណាម​ ១៥នាក់ ឈ្លោះជា មួយកម្មករសំណង់ ជនជាតិខ្មែរ ៥នាក់ រហូតផ្ទុះ អាវុធនិងវាយគ្នា

ម្ចាស់ដីឡូត៍ជានាយរង ការិយាល័យរដ្ឋ បាលសរុប ក្រសួងមហាផ្ទៃ បាញ់ពីរគ្រាប់

ភ្នំពេញ ៖ ជម្លោះរវាងកម្មករជាជាងឈើ ជនជាតិវៀតណាម ចំនួន១៥នាក់ និងជន ជាតិខ្មែរ ជាកម្មករ សំណង់ ចំនួន៥នាក់ បាន ផ្ទុះជម្លោះរហូតវាយគ្នានិងផ្ទុះអាវុធចំនួន២ គ្រាប់ បណ្ដាលរងរបួស៥នាក់ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ កែងផ្លូវលេខ៥៩៨ ក្រុមទី១៣ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើត ហេតុ កម្មករជនជាតិវៀតណាម ជាជាងឈើ ចំនួន១៥នាក់ បានឈ្លោះប្រកែកជាមួយ កម្មករសំណង់ នៅក្នុងដីឡូត៍ជាប់គ្នា រហូត ធ្វើឱ្យភាគីទាំងសងខាងប្រដាប់ដោយដំបង ឈើជ្រុងនិងដុំថ្ម ប្រឈមមុខដាក់គ្នា ។

ដោយសភាពការណ៍មិនស្រួល ខាងកម្មករសំណង់ បានទូរស័ព្ទប្រាប់ម្ចាស់ដី ឡូត៍ឈ្មោះលឹម សុខា អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៥១បេ ផ្លូវលេខ១០៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក មាន តួនាទីជានាយរងការិយាល័យ រដ្ឋបាលសរុប នៃក្រសួងមហាផ្ទៃ ឱ្យមកកន្លែងកើតហេតុ ។ ភ្លាមៗនោះម្ចាស់ដីឡូត៍ បានមកដល់ ហើយឃើញ ជនជាតិវៀតណាម កំពុងឈរមុខដីឡូត៍ឈ្លោះប្រកែកគ្នា ក៏ជួយនិយាយសម្រួល ស្រាប់តែជនជាតិវៀតណាមទាំងនោះ យកដុំថ្មគប់ទៅក្រុមកម្មករ ហើយវាយគ្នាទៅវិញទៅមក ។

របាយការណ៍របស់ នគរបាលបានបន្ដទៀតថា ពេលម្ចាស់ដីឡូត៍ឃាត់មិនព្រមស្ដាប់ ក៏សម្រេចចិត្ដដកកាំភ្លើងខ្លី ម៉ាកបេរីតា បាញ់ ពីរគ្រាប់ឡើងទៅលើ ដើម្បីអន្ដរាគមន៍ បំបែកភាគីទាំងពីរក្រុម ។

ក្រោយទទួលបានព័ត៌មានខាងលើនេះ នគរបាលប៉ុស្ដិ៍រដ្ឋបាលទួលសង្កែ បានចុះទៅដល់ កន្លែងកើតហេតុ និងបានធ្វើ លិខិតអញ្ជើញ ភាគីទាំងពីរក្រុមមកស្នាក់ការប៉ុស្ដិ៍ ដើម្បីធ្វើ ការសាកសួរ ព្រមទាំងធ្វើលិខិតធានា និងកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកអាវុធខ្លីរបស់ម្ចាស់ដីឡូត៍ត្រូវ បានសមត្ថកិច្ចដកហូត ទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។

តាមរបាយការណ៍ដដែលនេះ ក្នុងហេតុ ការណ៍ខាងលើ បណ្ដាលឱ្យភាគីជនជាតិវៀត ណាមម្នាក់ ឈ្មោះគឹម សារ៉េត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រងរបួសបែកកញ្ចប់មាត់ រីឯភាគី កម្មករសំណង់ ៤នាក់ រងរបួសស្រាល ទី១ ឈ្មោះងុំ សារ៉េត អាយុ២០ឆ្នាំ ទី២ ឈ្មោះងុំ សាវុធ អាយុ២៩ឆ្នាំ ទី៣ ឈ្មោះលឹម បូរ៉ា អាយុ២៥ឆ្នាំ និងទី៤ ឈ្មោះហ៊ន សុវណ្ណឌឿន អាយុ១៨ឆ្នាំ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP