CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌពោធិ៍សែនជ័យ បញ្ជូនក្រុម​ ខ្ទើយ៣នាក់ ជាមុខសញ្ញាលួច ទៅកាន់តុលាការ

ភ្នំពេញ ៖ ក្រុមខ្ទើយ៣នាក់ ដែលជាមុខសញ្ញា ដ៏សកម្ម នៅរាជធានីភ្នំពេញ ដើរធ្វើសកម្មភាព បន្លំចូលលួច យកកាបូប ឬអីវ៉ាន់ នៅក្នុងរថយន្ត របស់ប្រជាពលរដ្ឋ នៅតាមផ្លូវនោះ ហើយ អស់ល័ក្ខ ក្នុងកណ្តាប់ដៃ នគរបាល ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានកសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។

គួរបញ្ជាក់ថា ក្រុមខ្ទើយទាំងនេះ ត្រូវបានកម្លាំង នគរបាលល្បាតប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ឃាត់ខ្លួនបាន កាលពី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ បន្ទាប់ក្រុមទាំងនេះ ធ្វើសកម្មភាពលួច កាបូបពីបុរសម្នាក់ ជាមេឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈរូបគាត់ ឈប់រថយន្តនិយាយទូរស័ព្ទ តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី មុខភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំ សាច់ញាតិរបស់ខ្លួន ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ឈឺន សារ៉ាត ភេទប្រុស អាយុ៦២ឆ្នាំ មុខងារជាមេឃុំ វាំងចាស់ រស់នៅ ភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវក្រុមខ្ទើយលួច យកកាបូប លុយពីក្នុងរថយន្ត ហើយនៅក្នុង កាបូបលុយនោះ មានលុយ ខ្មែរចំនួន១លានរៀល និងឯកសារ មួយចំនួនទៀតផងដែរ។

មន្រ្តីនគរបាល ខណ្ឌ ពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន បាននោះ ទី១ ឈ្មោះ យ៉េន នី អាយុ២២ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទី២ ឈ្មោះ អាន សុភាព អាយុ២៧ឆ្នាំ មុខរបរជាង អ៊ុតសក់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣ ឈ្មោះ រ៉េត សុណ្ឌី អាយុ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនរងគ្រោះបំភ្លឺប្រាប់នគរបាល បានឲ្យដឹងថា មុនពេល កើតហេតុ រូបគាត់បាន ជិះរថយន្ត មួយគ្រឿង ម៉ាកកាមរីបាឡែន ចេញពីហូបការ ក្មួយ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែ មានទូរស័ព្ទ ក្មួយរបស់គាត់ម្នាក់ទៀត បានទូរស័ព្ទចូលមក ហើយគាត់បាន អែប រថយន្តក្បែរផ្លូវ និយាយទូរស័ព្ទ ជាមួយក្មួយ ខណៈកំពុងតែ និយាយនោះស្រាប់តែ មានខ្ទើយ ចំនួនបីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន មកសួរនាំ គាត់ត្រូវការ ម៉ាស្សា ធ្វើសរសៃរ ឬទេ? បើត្រូវការចាំ គេជួយយរកឲ្យ ។

បន្ទាប់មកគាត់ បានចេញមក និយាយទូរស័ព្ទខាងក្រៅ ដោយមិនបានចាក់ឡុក សោរទ្វារ រថយន្តនោះទេ ចំណែកឯក្រុមខ្ទើយ ក៏បានបន្លំបើកទ្វាំរ រថយន្តរបស់លួចយកកាបូបជិះគេខ្លួន ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ខណៈជនរងគ្រោះ ស្រែកឆោ ឡោ នោះ កម្លាំងនគរបាលរបស់លោក កំពុងចុះល្បាត ក៏ចេញ ជួយអន្តរាគមន៍ភ្លាមៗ តាមចាប់ ជនសង្ស័យទាំង៣នាក់ និងដក ហូតម៉ូតូ មួយគ្រឿងផងដែរ ។

ប្រជាពលរដ្ឋ ដែលដឹងហេតុការណ៍នោះ បាននិយាយថា ការជួយអន្តរាគមន៍ របស់កម្លាំងនគរបាល បានភ្លាមៗនេះ គឺជាការរួមចំណែក ភូមិ-ឃុំ មានសុវត្ថិភាព ហើយពួកគាត់សង្ឃឹមថា តុលាការ និងចាត់ វិធានការ ចំពោះក្រុមខ្ទើយទាំងនេះ ឲ្យបានតឹងរឹង ទៅតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ស្រាប់តែ មានស្រ្តីម្នាក់ បានទូរស័ព្ទមកកាន់ មជ្ឈមណ្ឌលព័ត៌មាន ដើម្បីសុំជួយចុះផ្សាយបន្ថែម ពីព្រោះជនសង្ស័យទាំងនេះ បានធ្លាប់លួច ឥវ៉ាន់របស់ខ្លួនផងដែរ។

បើតាមមន្រ្តីនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្នុងចំណោម ជនសង្ស័យ ទាំងនេះ មានជនសង្ស័យម្នាក់ ធ្លាប់ជាប់ ពន្ធនាគារ និងទើបនឹងចេញផងដែរ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP