ភ្នំពេញ៖ និស្សិតម្នាក់ បន្ទាប់ពីលួងលោម នារីរងគ្រោះយក ទៅបង្អកស្រា ឲ្យស្រវឹង រួចចាប់រំលោភ បានសំរេចម្តង លុះនឹកឃើញចង់រួមរក្ស ម្តងទៀតក៏ទៅនិយាយ លួងលោមនាង តែ នារីរងគ្រោះមិនព្រម ទើបនិស្សិតរូបនោះ បាននិយាយ គំរាមបង្ហោះរូបអាក្រាត នៅលើទំព័រហ្វេសប៊ុក លុះក្រោយមកនារីរងគ្រោះរួមនិងក្រុមគ្រួសារ បានមកដាក់ ពាក្យបណ្តឹងទៅសមត្ថកិច្ចក៏បាន ឃាត់ខ្លួនតែម្តង ។ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យត្រូវឈ្មោះ ឆោម យុទ្ធាណា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជានិស្សិតឆ្នាំទី៣ ខាងអក្សរសាស្រ្ត និងភាសារអង់គ្លេស ស្នាក់នៅម្តុំសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ចំណែកឯជនរងគ្រោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ រស់នៅភូមិ សង្កាត់កើតហេតុ ខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជាច្រើនខែកន្លង មកហើយជនសង្ស័យ បានទំទាក់ទំនង ជាមួយនារីរងគ្រោះតាមរយះហ្វេសប៊ុក លុះមុនពេលកើតហេតុ ជនសង្ស័យបានណាត់ ជនរងគ្រោះ ជួបគ្នា ដើម្បីស្គាល់មុខ លុះពេលបាន ជួបមុខហើយ ជនសង្ស័យប្រើ ល្បិចល្បួងនារី រងគ្រោះទៅច្រៀង ខារ៉ាអូខេ នៅភ្នំពេញ ដោយមិនបាន បញ្ជាក់ម្តុំណានោះទេ លុះពេលបានទៅច្រៀងខារ៉ាអូខេ ជនសង្ស័យ បានបង្អកស្រានារីរង គ្រោះរហូតស្រវឹងជោគ ក្រោយមកបានដឹក យកទៅរំលោភ បានសំរេចម្តង។
សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានមកបបួល នារីរងគ្រោះ ទៅរួមភេទម្តង ទៀត តែនារីរងគ្រោះមិនព្រមដោយនាងចង់ផ្តាច់និស្ស័យស្នេហ៍ បើទោះបីជានិយាយ លួងលោមយ៉ាង ណាក៏ដោយក៏នារីរងគ្រោះមិនព្រមដែរ ទើបជនសង្ស័យបានគំរាមនារីរងគ្រោះដោយនិយាយថា បើចង់ ផ្តាច់និស្ស័យស្នេហ៍ គេនឹងបង្ហោះរូបទាំងអម្បារមាណ ដែលគេថតនាពេលសាងស្នេហ៍ជាមួយគ្នា ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នារីរងគ្រោះនៅតែមិនព្រម ក្រោយមកក៏នារីរងគ្រោះ រួមនិងក្រុម គ្រួសារ បានមកដាក់ពាក្យ បណ្តឹងនៅក្រសួងមហាផ្ទៃ លុះដល់ម៉ោងកើត ហេតុជនសង្ស័យ បានទៅរកនារីរង គ្រោះម្តងទៀត ក៏ត្រូវនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនតែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួន យកមកសាកសួរនៅ ក្រសួងមហាផ្ទៃ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល