សៀមរាប : នៅរាត្រីម៉ោងប្រមាណជា ១០ : ០០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅខាងមុខ សារមន្ទីរជាតិ អង្គរ ខេត្តសៀមរាប មានយុវជនម្នាក់ ដែលមានសភាពស្រវឹងជោកជាំ បានត្រូវសមត្ថកិច្ច ក្រុមខ្លាហោះ ចាប់វាយខ្នោះ ដាក់រថយន្តភ្លាមៗ និងត្រូវបានអ្នកដំណើរមួយចំនួន ស្វាគមន៍មួយដៃមួយ ជើងផងដែរ បន្ទាប់ពីរូបគេបានជិះម៉ូតូ មកវាយរថយន្ដ របស់ក្រុមតម្រួតនគរបាល ខ្លាហោះឲ្យបែកផ្នែកខ្លះ នៃកញ្ចក់រថយន្ដនោះ ។
ប្រាកដដូចពាក្យចាស់ពោលមែនថា រពឹកដៃផ្ទៃឆ្អែត ផឹកស៊ីបានឆ្អែត ស្រវឹងដើរវាយគេ ចំថ្ងៃស៊យ វាយអ្នក ណាមិនវាយ ទៅវាយចំរថយន្ដក្រុមខ្លាហោះ កំពុងជិះដើរ ល្បាត ការពារសន្តិសុខសុវត្ថិភាព លទ្ធផលបាន ត្រឹមជាប់ខ្នោះ ឈាមស្រោចក្បាល នាំឲ្យអាណាព្យាបាលទឹកភ្នែក ។
នៅយប់នោះយើងមិនដឹងថា យុវជនម្នាក់នោះមានឈ្មោះអ្វី ហើយរស់នៅឯណាទេ គឺគ្រាន់តែដឹងថា គេ មានម៉ូតូកំពុងជិះ មុនពេលកើតហេតុ ១គ្រឿង គេមានសភាពស្រវឹងខ្លាំង ហើយជាអ្នកក្លាហាន ហ៊ានមក វាយរថយន្ដតម្រួតនគរបាលខ្លាំហោះ ហើយក៏មិនដឹងថា គេមានបក្ខពួកប៉ុន្មាននាក់ដែរ ។ ព្រោះពេលយប់ នេះ យើងឃើញមានតែយុវជនម្នាក់នេះទេ ដែលត្រូវក្រុមសមត្ថកិច្ចនគរបាល ខ្លាហោះ បានដាក់ខ្នោះគេ នាំយកទៅកន្លែងស្នាក់ការ ដើម្បីសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ។ ក្រៅពីនោះ យើងមិនទទួលបាន ការបំភ្លឺ ពីសមត្ថកិច្ច និងសាក្សីណាមួយនោះទេ ។
ទោះបីជាយ៉ាងណា ក៏មានមជ្ឈដ្ឋានមួយចំនួន នៅក្រុងសៀមរាប បានលើកឡើងថា ករណីនេះ គ្រាន់តែជា ករណីមួយ ក្នុងចំណោមករណីជាច្រើនទៀត ដែលក្រុម ឬ̸ បុគ្គល ដែលចូលចិត្តដើរស៊ីផឹក ក្នុងនោះមាន ក្រុមក្មេងស្ទាវៗ បានបង្ករឿងហេតុ វាយតប់ ទាត់ធាក់ កាប់ចាក់ ប្រដេញម៉ូតូ ស្រែកឡូឡា យ៉ាងអាណាធិប តេយ្យផងដែរ ពិសេសនៅពេលរាត្រីយប់ជ្រៅ គឺពេលដែលសមត្ថកិច្ចសម្រាក ដែលពួកគេបានបង្កការ រំខាន ដល់អ្នកជិតខាង អ្នកដំណើរ និងភ្ញៀវផងដែរ ពិសេសផងនោះ គឺបង្កគ្រោះថ្នាក់ចរាចរ ជាដើម ។
ដោយហេតុនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋ ក៏បានធ្វើជាសំណូមពរ ដល់សមត្ថកិច្ច អាជ្ញាធរ និងអាណាព្យា បាលយុវជន មេត្តារួមគ្នា ក្នុងការពង្រឹងការអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់អំពើអសកម្ម របស់ក្រុម យុវជនស្ទាវៗទាំងនេះ ឲ្យមានប្រសិទ្ធភាពខ្ពល់ ដើម្បីចូលរួមរក្សាសុខ សុវត្ថិភាព ជូនពលរដ្ឋទូទៅ ក៏ដូចជា ភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ ៕