ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដែលបានទិញផ្ទះល្វែងនៅក្នុងបុរី៩៩៩ នៅបណ្តោយផ្លូវជាតិ លេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីក្រុមហ៊ុនបុរីមានជ័យ៩៩៩ បាននាំគ្នាចោទប្រកាន់ លោកឧកញ៉ា ថោង សារ៉ាត់ ដែលជាម្ចាស់ក្រុមហ៊ុនបុរីនេះថា បានលក់សួនច្បារ ដែលជាទីធ្លាចតរថយន្តរបស់ពួកគេ ដោយរំលោភលើកិច្ចសន្យាទិញដូរកន្លងមក ។
ពលរដ្ឋទាំងនោះបានឱ្យដឹងថា ពួកគេបានទិញផ្ទះ នៅក្នុងបុរីនេះ មានរយៈពេល ២-៣ឆ្នាំ មកហើយ ដោយកាលនោះ ក្រុមហ៊ុនរបស់លោកឧកញ៉ា ថោង សារ៉ាត់ បានផ្សព្វផ្សាយដោយដាក់បញ្ចូល យ៉ាងច្បាស់ជាមួយ តម្លៃ គុណភាព ទីតាំង ទីធ្លា សួនច្បា ដូចខាងលើ ទើបពួកគាត់យល់ព្រមទិញ ដើម្បីរស់នៅ ហើយក្រុមហ៊ុនក៏បានសន្យាដែរថា នឹងធ្វើផ្លូវចូលក្នុងបុរី ទៅមក មួយខ្សែដែលមាន សួនច្បារ នៅកណ្តាល ដើម្បីលម្អដល់ការរស់នៅរបស់ពួកគាត់ ។
ប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានឱ្យដឹងបន្ថែមថា ប៉ុន្តែក្រោយមក ក្រុមហ៊ុនមិនបានធ្វើតាមការសន្យានោះទេ ហើយពួកគាត់ក៏ទទួលព័ត៌មានថា ដីដែល ក្រុមហ៊ុនគ្រោង នឹងធ្វើផ្លូវមួយចំហៀង ទៀតនោះ ត្រូវបានក្រុមហ៊ុន លក់ទៅឱ្យម្ចាស់ផ្សេងបាត់ទៅហើយ ធ្វើឱ្យអ្នកទិញផ្ទះក្នុងបុរីនេះ នាំគ្នាខកចិត្តយ៉ាងខ្លាំង ។ ហើយថ្មីៗនេះ ក្រុមហ៊ុនរបស់ លោកឧកញ៉ា ថោង សារ៉ាត់ ក៏បានអនុញ្ញាត ឱ្យមាន ការសាងសង់ ភោជនីយ៍ដ្ឋានលក់គ្រឿងស្រវឹង នាពេលរាត្រី នៅសួនច្បារកណ្តាលនោះ ថែមទៀត ប៉ុន្តែត្រូវបានជំទាស់ ដោយប្រជាពលរដ្ឋអ្នកទិញបុរី ទាំង២៩គ្រួសារ ព្រោះតែកន្លែងនោះ ត្រូវបានប្រើប្រាស់ ជាចំណត រថយន្ត របស់ពួកគេយូរណាស់មកហើយ។
ប្រភពដដែលនេះ បានឱ្យដឹងទៀតថា លុះដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ក៏មានជាងមួយក្រុម បានមកឈូសឆាយ ទីតាំងសួនច្បារនេះ ដោយជីករណ្តៅ ប្រុងសាងសង់ ប៉ុន្តែត្រូវបានហាមឃាត់ដោយ ប្រជាពលរដ្ឋអ្នកទិញផ្ទះល្វែង រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកឧកញ៉ា ថោង សារ៉ាត់ ក៏បានបញ្ជាឱ្យអង្គរក្ស ចំនួន៦នាក់ មកការពារ កុំឱ្យមានការរំខាន ដល់ការសាងសង់ របស់គាត់ ថែមទៀត បណ្តាលឱ្យមានភាពតានតឹងឡើង ហើយពេលនោះ ក៏មានការចុះសម្របសម្រួល ដោយលោក ណុប ផា អភិបាលរង ខណ្ឌច្បារអំពៅ ថែមទៀត ប៉ុន្តែមិនទាន់មានលទ្ធផលនោះទេ ។
សូមជំរាបថា ក្នុងករណីនេះ លោកឧកញ៉ា ថោង សារ៉ាត់ ក៏បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូង រាចធានីភ្នំពេញផងដែរ ដោយចោទប្រកាន់ ប្រជាពលរដ្ឋទាំង២៩គ្រួសារនោះថា បានលួច និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់គាត់ ក្នុងថ្ងៃមានជម្លោះដំបូង ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ការប្តឹងទៅតុលាការនេះ ជាការគំរាម ចំពោះការតវ៉ារបស់ពួកគាត់ ។ ប្រជាពលរដ្ឋទាំងនោះ បានអំពាវនាវ ឱ្យអាជ្ញាធរ ក៏ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ ជួយបញ្ឈប់ ការសាងសង់របស់លោក ឧកញ៉ា ថោង សារ៉ាត់ ដែលរំលោកលើ កិច្ចសន្យា នេះផង ខណៈពេលដែល ភាគីទាំងពីរ មិនទាន់ដោះស្រាយគ្នា ចប់នៅឡើយ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល