កណ្តាល ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យនគរបាលធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យប្រើល្បិច បន្លំលួចយកលុយជនរងគ្រោះម្នាក់បានសម្រេច ហើយបន្តទៅលួចលុយជនរងគ្រោះម្នាក់ទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោ១០និង៥០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅម្តុំរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ជុំ តារា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរប្តូរប្រាក់ រស់នៅភូមិ តាខ្មៅ២ សង្កាត់តាខ្មៅ ទី២-ឈ្មោះដុស សេរី ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរប្តូរប្រាក់ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ចំណែកឯជនសង្ស័យឈ្មោះ ង៉ែត ស្រីម៉ី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជាជនជាតិរៀតណាម រស់នៅផ្ទះជួលសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានយកលុយចំនួន ២០០ដុល្លារ ទៅដូរយកលុយខ្មែរពីជនរងគ្រោះ ឈ្មោះជុំ តារា នៅពេលជនរងគ្រោះហុចលុយឲ្យរាប់ ជនសង្ស័យបានដកយកលុយ៤ខ្ទាស់ មួយខ្ទាស់ចំនួន ៦០០០០រៀល យកលាក់ទុកក្នុងអាវទ្រនាប់ របស់ខ្លួន រួចប្រាប់ទៅជនរងគ្រោះថា លុយមិនគ្រប់ទេ គឺខ្វះ ២៤០០០០រៀលទៀត ពេលនោះជនរងគ្រោះ ក៏បានថែមលុយបង្គ្រប់ឲ្យទៅ ជនសង្ស័យ រួចជនសង្ស័យបានយកលុយខ្មែរនោះ ទៅដូរយកលុយដុល្លារនៅកន្លែងផ្សេងទៀត ក្រោយមកជនសង្ស័យ បានយកលុយដុល្លានោះ ទៅដូរយកលុយខ្មែរ នៅកន្លែងជនរងគ្រោះទី២ ឈ្មោះ ដុស សេរី ដោយប្រើល្បិចដដែល ពេលនោះជនរងគ្រោះ មានការសង្ស័យ ព្រោះខ្លួនបានរាប់ត្រឹមត្រូវ មុននឹងហុចទៅឲ្យជនសង្ស័យ ហេតុអ្វីបានជាខ្វះច្រើនម្លឹង រួចក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាល ធ្វើការសាកសួរ។
នគរបាលបានបន្តថា បន្ទាប់ពីឃាត់នាំយកមកសាកសួរនោះ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចលុយជនរងគ្រោះ ទាំងពីរនាក់ពិតប្រកដមែន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល