ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវ បានជនសង្ស័យ ដែលប្រើប្រាស់គ្រឿងញៀន ពីរនាក់ ព្រួតចាប់អារក សម្លាប់ចោលសង្ស័យ ប្លន់យកម៉ូតូមិនបានសម្រេច កាលពីយប់ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវចូល រោងចក្រវ៉ាយកូត ក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ សពជនរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់គួរឱ្យអណោចអធមនៅក្នុងថ្លុកឈាមក្បែរម៉ូតូរបស់ខ្លួនប្រមាណ១០០ ម៉ែត្រ ។
យ៉ាងណាក៏ដោយ ជនដៃដល់ម្នាក់ដែល អាចជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពអារក សម្លាប់ជនរងគ្រោះខាងលើនេះ ត្រូវបានចាប់ ខ្លួនភ្លាមៗពីសំណាក់កម្លាំងនគរបាលព្រហ្ម ទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាល មូលដ្ឋាន ប៉ុស្ដិ៍ស្ទឹងមានជ័យ ដោយសារតែ នៅលើសំលៀកបំពាក់របស់ជននេះ មាន ប្រឡាក់ឈាមនិងភក់ ។
យ៉ាងណាក៏ដោយនោះ បើទោះបីមន្ដ្រី នគរបាលជំនាញព្រហ្មទណ្ឌនិងនគរបាលមូល ដ្ឋាននាំគ្នាជជីកសួរ ជន សង្ស័យរូបនេះតាំងពី ក្រោយពេលចាប់ខ្លួន រហូតមកដល់ព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៤នេះក៏ដោយ ប៉ុន្ដែ ជននេះមិនបានសារភាពពីទង្វើរបស់ខ្លួននោះ ទេ ហើយអះអាងថា មិនបានសម្លាប់ជនរង គ្រោះ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យបានឱ្យ ដឹងថា បើទោះបីជនសង្ស័យរូបនេះ មិនទាន់ បានសារភាព ពីទង្វើរបស់ខ្លួន ក៏ដោយនោះ ប៉ុន្ដែលទ្ធផលនិងដឹង ក្រោយពេលការធ្វើ តេស្ដឈាមរវាងឈាមជនរងគ្រោះនិងឈាម ដែល ប្រឡាក់ នៅលើសំលៀកបំពាក់នៅលើជនសង្ស័យត្រូវបានបង្ហាញនោះ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោងជាង៧យប់ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុច កើតហេតុខាងលើ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពេលដែលប្រជាពល រដ្ឋ បានប្រទះឃើញសពបុរសម្នាក់ដេកផ្កាប់ មុខស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមអារក យ៉ាងជ្រៅ ។
ពេលនោះអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន ដឹកនាំដោយលោកចៅសង្កាត់ ស្ទឹងមានជ័យ សេង សាញ់ បានចុះទៅ កន្លែង កើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះនិង តាមចាប់ជនដៃដល់ក្នុងអំពើឃាតកម្មដ៏ សាហាវនេះ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយ ពីប្រទះឃើញសពជនរងគ្រោះរួចមក សមត្ថ កិច្ចបានប្រទះឃើញ ម៉ូតូ របស់ជនរងគ្រោះ ម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១ព្ស.១៧៣៥ នៅចម្ងាយជាង២០០ម៉ែត្រពី សព ដែលត្រូវបាន ជនដៃដល់អូសចូលទៅ ក្នុងព្រៃស្មៅហើយនៅក្បែរនោះទៀតសោត មានឃើញស្បែក ជើង មួយគូរបស់ជនរង គ្រោះនិងមួកសុវត្ថិភាពផងដែរ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀត ថា ក្រោយការសួរនាំនិងទាក់ទងទៅសាច់ ញាតិរួចមក ទើបដឹងថា ជនរងគ្រោះឈ្មោះ មាស ប៊ុនធឿន អាយុ៣១ឆ្នាំ មានស្រុកកំ ណើតនៅខេត្ដស្វាយរៀង មានមុខរបរជា អ្នករត់ម៉ូតូឌុប ។
ស្នងការរងនគរបាលរាជធានីភ្នំពេញនិង ជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ បានថ្លែងបញ្ជាក់ថា ក្រោយពីមានអំពើឃាតកម្មអារកសម្លាប់ជនរងគ្រោះខាងលើនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់លោកនិងនគរបាលមូលដ្ឋាន បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះគៀង ភារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិ ឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ស្នងការរងបានបញ្ជាក់ថា ជនសង្ស័យរូបនេះ មិនទាន់សារភាពនោះទេ ហើយលោកអះ អាងថា គឺជាមនុស្សញៀនថ្នាំ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ស្ថិតក្រោម ការសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅទី ស្នាក់ការប៉ុស្ដិ៍ នគរបាល ស្ទឹង មានជ័យ ខណៈ ដែលសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុកនៅវត្ដស្ទឹងមានជ័យ ហើយ រហូត មកដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៤នេះ គេឃើញមានបងប្អូនប្រមាណ ១៥នាក់ មកទទួលយកសព ទៅធ្វើ បុណ្យតាមប្រពៃណី ។
ចំពោះដំណើររឿងដែលឈានទៅដល់ការ សម្លាប់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ក្នុងថ្លុក ឈាមគួរឱ្យអាណិត ខាង លើនេះ មិនទាន់ មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ដោយសារតែជនសង្ស័យដែលត្រូវចាប់ខ្លួន នោះមិនទាន់ បានសារភាព ។
បើតាមការសន្និដ្ឋានរបស់នគរបាលមួយ រូបបានបញ្ជាក់ថា ករណីអំពើឃាតកម្មនេះ អាចជារឿងប្លន់មិនបានសម្រេច ហើយជន ដៃដល់មានគ្នាចាប់ពី២នាក់ឡើងទៅ និងជា មនុស្សញៀនថ្នាំទៀតផង ៕