រាជធានីភ្នំពេញ ៖ តារាចំរៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាសុខ ពិសី កាលពីពេលថ្មីៗនេះ បានបញ្ចេញប្រតិកម្មនឹងការចុះផ្សាយតាមរយៈសារព័ត៌មានថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយតារាចំរៀងស៊ឹម សុរ៉ាមភូមិ ។ និយាយផ្ទាល់តាមវិទ្យុ FM 98 កញ្ញាសុខ ពិសី បានបកស្រាយតបទៅទស្សនាវដ្តីក្នុងស្រុកមួយ ដែលចុះផ្សាយថា នាងមានទំនាក់ទំនងស្នេហាជាមួយសុរ៉ាមភូមិ ថា ជាព័ត៌មានមិនពិតទាល់តែសោះ ។ នាងបញ្ជាក់ថា រវាងនាង និងសុរ៉ាមភូមិ រាប់អានគ្នាដូចបងប្អូន ដោយលោកចាត់ទុកនាងដូចជាប្អូន ឯរូបនាងក៏ចាត់ទុកលោកជាបងផងដែរ ។ ដូច្នេះគ្មានទំនាក់ទំនងស្នេហាដូចការចុះផ្សាយឡើយ ។ ជួបជាមួយកោះសន្តិភាព កញ្ញាសុខ ពិសី បានសុំឱ្យជួយចុះផ្សាយបំភ្លឺសាធារណជន កុំឱ្យមានការយល់ច្រឡំចំពោះរូបនាង ព្រោះនាងបានដឹងថា សារព័ត៌មានកោះសន្តិភាពចុះផ្សាយតែព័ត៌មានពិតៗប៉ុណ្ណោះ ។នាងបញ្ជាក់ថា សុរ៉ាមភូមិ គឺជាម្ចាស់ហាងថតរូបមួយ ហើយគេបានពឹងពាក់នាងឱ្យជួយថតរូបផ្សព្វផ្សាយនៅហាងថតរូបនោះ ។ ទន្ទឹមនោះ ដោយមានការរាប់អានគ្នាជិតស្និទ្ធដូចបងប្អូន រួមទាំងស្ថិតក្នុងអាជីព និងឧស្សាហ៍សំដែងរួមគ្នាផង ការទាក់ទង និងការជួបគ្នារវាងនាង និងសុរ៉ាមភូមិ គឺមានប្រាកដមែន ។កញ្ញាសុខ ពិសី និយាយទាំងឆ្ងល់ថា បើនាងមិនដែលមានទំនាក់ទំនងស្នេហា សូម្បីតែបន្តិចជាមួយសុរ៉ាមភូមិ ដូច្នេះតើទស្សនាវដ្តីនោះបានព័ត៌មានពីណាមកចុះផ្សាយ ហើយតើគេយល់ទេថា ការចុះផ្សាយនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងជាស្ត្រីខ្មែរ ។ នាងមិនបានបកស្រាយវែងឆ្ងាយចំពោះបញ្ហានេះទេ ដោយគ្រាន់តែបញ្ជាក់ជាចុងក្រោយថា ប្រសិនបើអ្នកសារព័ត៌មានចង់ដឹងព័ត៌មានពីនាង គឺនាងស្វាគមន៍ទទួល និងឆ្លើយគ្រប់ពេល ។ពាក់ព័ន្ធនឹងការងារសិល្បៈវិញ កញ្ញាសុខ ពិសី ប្រាប់កោះសន្តិភាពថា នាងមមាញឹកច្រើន ។ ក្រៅពីថតបទចំរៀងនាងកំពុងតែថតឈុតខ្លះឡើងវិញ នៃខ្សែភាពយន្តរបស់ផលិតកម្មសាន់ដេ ដែលនាងដើរតួជាមួយលោកខេមរៈ សិរីមន្ត ។ នាងប្រាប់ថា ខ្សែភាពយន្តនេះបានថតស្ទើរតែចប់សព្វគ្រប់ហើយ ប៉ុន្តែដោយឈុតខ្លះមិនបានធ្វើឱ្យម្ចាស់ផលិតកម្មពេញចិត្ត ក៏តំរូវឱ្យថតឡើងវិញ ។ នាងមិនទាន់ឱ្យដឹងថា តើភាពយន្តដែលនាងកំពុងថតនោះគឺជារឿងអ្វីទេ ដោយគ្រាន់តែបង្ហើបថា វានិយាយពីជីវិតយុវជនសម័យថ្មីដែលកំពុងវង្វេងនឹងសំភារនិយម ហើយក៏លាយឡំឈុតឆាកខ្មោចខ្លះៗដែរ ។ នាងសង្ឃឹមថា ខ្សែភាពយន្តដែលផលិតដោយផលិតកម្មសាន់ដេ ហើយមានការចូលរួមសំដែងពីតារាភាពចំរៀងល្បីៗនៅផលិតកម្មសាន់ដេនេះ នឹងទទួលបានជោគជ័យមិនខាន ៕