CamNews

ព័ត៌មានជាតិ 

អ្នកមានចរឹកអន់ បើករថយន្តបុកម៉ូតូ ពីក្រោយហើយ រករឿងជេរប្រមាថ អ្នកជិះម៉ូតូជន រងគ្រោះទៀត

ភ្នំពេញ៖ អ្នកបើករថយន្ត ស៊េរីទំនើប បានបុកម៉ូតូនារីម្នាក់ ចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យរងរបួស ខណះដែលនារី រងគ្រោះ បានជិះម៉ូតូចេញពី កន្លែងធ្វើការ ជាមួយក្រុមការងារ ២នាក់ទៀត ដែលជិះម៉ូតូ ម្នាក់មួយគ្រឿង ហើយបុរសជាជនបង្ក បានរករឿង និងបានជេរប្រមាថ ទៅលើបុរស ម្នាក់ទៀត ដែលជិះ ម៉ូតូផ្សេងរួមដំណើរជាមួយនោះ ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ១១និង០៥ នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្តោយផ្លូវ ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ ដែលបានឃើញ ហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេបានឃើញ មនុស្សប្រុស ស្រី៣នាក់ ជិះម៉ូតូ៣គ្រឿង បណ្តើរគ្នា ចេញពីធ្វើការ បំណង ត្រឡប់ ទៅផ្ទះវិញ ដែលក្នុងនោះមានម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ២គ្រឿង និងឆាយលី មួយគ្រឿង ។ លុះមកដល់ចំណុច មុខក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ស្រាប់តែមានបុរស ជាអ្នកមានម្នាក់ បានបើករថយន្ត ស៊េរី ទំនើបមួយគ្រឿង ម៉ាក TUNDRA ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានបើកមកពីក្រោយ ម៉ូតូបំរុង បត់ចូល ទៅក្នុងក្រសួង ក៏ស្រាប់តែ ជ្រុលទៅ បុកចំម៉ូតូឆាយលី ពីក្រោយពេញទំហឹង បណ្តាលឱ្យនារីម្នាក់ ដែលជា អ្នកជិះម៉ូតូរងរបួស ចំណែកម៉ូតូរងការខូចខាត ។ ភ្លាមៗនោះបុរសម្នាក់ ដែល រួមដំណើរជាមួយ ដែលត្រូវ ជាមិត្តភក្តិរួមការងារ ឃើញដូច្នេះ ក៏បាន ឃាត់រថយន្តឱ្យឈប់ និងបានដាក់ម៉ូតូ បាំងពីមុខរថយន្ត បំណង ឱ្យបុរសបង្ក ហេតុ ចុះពីលើរថយន្ត ដើម្បីទទួលខុស ត្រូវ ប៉ុន្តែនៅពេលបុរសម្នាក់ នោះចុះមក ក៏បានចង្អុល មុននិងស្រែកសំឡុតខ្លាំង ព្រមទាំងបានរកវាយ ទៅលើបុរសម្នាក់នោះ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នក ដំណើរចោមរោមមើលថែមទៀតផង ។

ប្រភពបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងបាន ធ្វើការសម្របសម្រួល ដល់ភាគីទាំង សងខាង ហើយខាងរថយន្តបង្ក ក៏បានសងនូវថ្លៃ ព្យាបាល ចំនួន២០ដុល្លារ ចំណែកខាងភាគីជនរងគ្រោះក៏ព្រម ទទួលដើម្បីបញ្ចប់រឿង ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្វីដែលនាំឱ្យមានការភ្ញាក់ផ្អើល និងអ្នកដំណើរតាម ដងផ្លូវឈប់ មើល ហួសចិត្តនោះ គឺដោយសារតែបុរស ជាជនបង្កអាងខ្លួនជាអ្នកមាន បើករថយន្តទំនើបបង្កជាគ្រោះថ្នាក់បែបនេះហើយ បែរជាចុះពីលើរថយន្ត រករឿងជេរប្រមាថ និងរកវាយគេទៅវិញ ៕ 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP